អភិបាលខេត្តតាកែវអញ្ជើញប្រគល់ផ្ទះថ្មីជូនគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសារក្រីក្រក្នុងស្រុកព្រៃកប្បាស និងស្រុកបាទី
AKP តាកែវ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥-- នៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំពិធីប្រគល់អំណោយផ្ទះថ្មី១ខ្នងជូនដល់គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះកាលពីពេលកន្លងទៅ ដែលជាអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ និងបាននាំយកអំណោយមនុស្សធម៌របស់សាខាចែកជូនគ្រូសារប្រជាពលរដ្ឋក្រីក្រចំនួន៣៤គ្រួសារ ក្នុងនោះមកពីស្រុកព្រៃកប្បាសចំនួន១៨គ្រួសារ និងស្រុកបាទីចំនួន១៦គ្រួសារ ក្រោមអធិបតីភាពឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ និងសហការី។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្ដមបណ្ឌិត ជា វ៉ាន់ដេត ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ពិសេសពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ សាសនាអ្វីឡើយ ដូចពាក្យស្លោកថា “ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា”។

ឯកឧត្តមក៏បានថ្លែងប្រាប់ប្រជាពលរដ្ឋអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលបច្ចុប្បន្នដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំ ក្នុងការខិតខំអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនថែមទៀត និងបានកៀរគរវិនិយោគគិនបរទេសធំៗមកបណ្ដាក់ទុននៅកម្ពុជាកាន់តែច្រើន ក្នុងនោះក៏បានគិតគូរចំពោះបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ដោយបានផ្ដល់វគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដល់យុវជនក្រីក្រដោយឥតគិតថ្លៃ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភថែមទៀតផង ដើម្បីឱ្យយុវជន និងប្រជាពលរដ្ឋមានចំណេះជំនាញមួយពិតប្រាកដ ជួយជីវភាពពួកគាត់បានកាន់តែប្រសើរឡើង។

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវថែរក្សាសុខភាពជានិច្ច និងត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាម ពិសេសក្មេងតូចៗត្រូវឱ្យពួកគាត់គេងក្នុងមុងជានិច្ច និងត្រូវសម្អាតអនាម័យបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត កម្ចាត់ចោលនូវរបស់ណាដែលអាចដក់ទឹកបាន ព្រោះជាប្រភពនៃការបង្កកំណើតនៃជំងឺគ្រុនឈាមបាន។

សូមបញ្ជាក់ថា អំណោយដែលបានប្រគល់ជូនក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ ត្រីខ១យួរ មី១កេស ប្រេងឆា១លីត្រ នំធុងធំ១ ទឹកត្រី៣ដប ទឹកស៊ីអ៊ីវ៣ដប និងថវិកាមួយចំនួនទៀតផងដែរ៕

ដោយ អ៊ុច សៀង





