កិច្ចប្រជុំតាមដានត្រួតពិនិត្យ និងវាយតម្លៃកិច្ចប្រតិបត្តិការត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស
AKP កណ្តាល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥-- ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងលោក ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំតាមដានត្រួតពិនិត្យ និងវាយតម្លៃកិច្ចប្រតិបត្តិការត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ដែលកិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលាខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរក្រុងស្រុកទាំង១៣ ព្រមទាំងកម្លាំងមានសមត្ថកិច្ចផងដែរ។
ឯកឧត្តម សេង ឈួន បានមានប្រសាសន៍ថា ដើម្បីពង្រឹងការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាពិសេសការដឹកជញ្ជូនលើលកម្រិតកំណត់ដែលបង្កមកពីការកែច្នៃតទ្រុងបន្ថែមខុសពីលក្ខណៈបច្ចេកទេស រដ្ឋបាលខេត្ត អាជ្ញាធរក្រុង ស្រុក និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវរួមសហការគ្នាទប់ស្កាត់ និងបង្ក្រាបឱ្យមានប្រសិទ្ធិភាព ចំពោះយានយន្តដែលកែច្នៃខុសលក្ខណៈបច្ចេកទេស ក្នុងភូមិសាស្ត្រខេត្តកណ្តាល។ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើដល់អង្គប្រជុំសូមលើកឡើងនៅមតិយោបល់ឱ្យបានច្រើន ដើម្បីរួមគ្នាពិនិត្យពិភាក្សា ប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធទៅលើបញ្ហាប្រឈមនានាដែលកើតមានឡើង និងស្វែងរកដំណោះស្រាយ សំដៅទប់ស្កាត់ និងបង្ក្រាបបទល្មើសយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងពង្រឹងការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។


ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការក៏បានផ្តល់អនុសាសន៍ណែនាំពាក់ព័ន្ធនឹងបច្ចេកទេសសំខាន់ៗមួយចំនួនឱ្យក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តកណ្តាល ត្រូវសហការគ្នាអនុវត្តការត្រួតពិនិត្យយានយន្តខុសលក្ខណៈបច្ចេកទេស ជាពិសេសយានយន្តដែលមានតទ្រុងបន្ថែម ដោយឆ្លៀតឱកាសនោះ ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ រដ្ឋបាលខេត្តរដ្ឋបាលក្រុង-ស្រុក មន្ទីរពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងចូលរួមទប់ស្កាត់យានយន្តដឹកជញ្ជូនធុនធ្ងន់ដឹកលើសទម្ងន់ និងយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ដែលជាមូលហេតុធ្វើឱ្យផ្លូវថ្នល់ខូចខាតមុនអាយុកាលកំណត់ និងគ្រោះថ្នាក់ចរាចរណ៍ ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នករួមដំណើរតាមដងផ្លូវ។

ក្នុងកិច្ចប្រជុំនេះដែរ លោក ហាក់ សុខមករា បានផ្តាំផ្ញើដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ទាំង១៣ ត្រូវផ្តល់កិច្ចសហការល្អជាមួយក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្ត និងត្រូវត្រួតពិនិត្យជាប្រចាំ និងមានវិធានការចំពោះយានដ្ឋានកែច្នៃខុសច្បាប់ក្នុងភូមិសាស្រ្ត ក្រុង ស្រុក របស់ខ្លួន។ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តកណ្តាល ត្រូវបន្តសកម្មភាពការងារត្រួតពិនិត្យឱ្យបានជាប់ជាប្រចាំ និងត្រូវធ្វើរបាយការណ៍ឱ្យបានទៀងទាត់ជូនថ្នាក់ដឹកនាំ។ ករណីអាក់ខានមិនបានចុះអនុវត្តការងារត្រួតពិនិត្យ ត្រូវរាយការណ៍ និងបញ្ជាក់ពី មូលហេតុឱ្យបានច្បាស់លាស់ជូនថ្នាក់ដឹកនាំ។ ជាពិសេសត្រូវចាត់វិធានការម៉ឺងម៉ាត់ចំពោះម្ចាស់យានយន្តដែលបានកែច្នៃ និងការដឹកជញ្ជូនផ្ទុកខុសលក្ខណៈបច្ចេកទេស តាមច្បាប់ជាធរមានដូចមិនមានការលើកលែង៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





