អាជ្ញាធរខេត្តបន្ទាយមានជ័យជំរុញកិច្ចប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត
AKP បន្ទាយមានជ័យ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ -- នៅក្នុងកិច្ចប្រជុំរបស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តបន្ទាយមានជ័យលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវបន្តកិច្ចប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី អភិបាល អភិបាលរងក្រុង-ស្រុក ក្នុងខេត្ត កងកម្លាំងទាំងបីប្រភេទ (កងរាជអាវុធហត្ថ កងនគរបាលជាតិ និងកងទ័ពជើងគោក) នាយករងរដ្ឋបាលខេត្ត និងប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធនានាជាច្រើនរូប។

ក្នុងឱកាសនោះ លោកស្រី រស់ សុផានី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលជាឧក្រិដ្ឋកម្មឆ្លងដែនដ៏សាហាវ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរ និងសិទ្ធិមនុស្ស។

លោកស្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តបន្ទាយមានជ័យ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ច និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាយ៉ាងល្អក្នុងការអនុវត្តផែនការសកម្មភាពជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងសម្រេចបាននូវលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងខែមេសា ឆ្នាំ២០២៥។
ទន្ទឹមនឹងនេះ លោកស្រីអភិបាលរងខេត្តក៏បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួនដែលនៅតែជាកង្វល់ និងត្រូវការការពង្រឹងបន្ថែមទៀត ជាពិសេសការទប់ស្កាត់ និងបង្ក្រាបបណ្តាញឧក្រិដ្ឋជនដែលតែងតែផ្លាស់ប្តូររូបភាព និងយុទ្ធសាស្ត្រក្នុងការប្រព្រឹត្តបទល្មើស។ លោកស្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងអង្គការសង្គមស៊ីវិល ដើម្បីធានាប្រសិទ្ធភាពនៃការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅក្នុងខេត្ត។
លើសពីនេះ លោកស្រី រស់ សុផានី បានជំរុញឱ្យអាជ្ញាធរក្រុង-ស្រុកទាំងអស់បង្កើនការផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន និងក្រុមងាយរងគ្រោះ ឱ្យយល់ដឹងអំពីគ្រោះថ្នាក់ និងផលវិបាកនៃអំពើជួញដូរមនុស្ស ក៏ដូចជាវិធីការពារខ្លួនពីការចាញ់បោកជនខិលខូច ព្រមទាំងបានសម្តែងការជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងការចូលរួមសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ខេត្តបន្ទាយមានជ័យនឹងបន្តពង្រឹងសមត្ថភាព និងកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត៕
ដោយ ឈុន សារ៉ាត





