លោក ពូទីន ស្នើឱ្យមានការចរចាសន្តិភាពឡើងវិញជាមួយអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុល
AKP ភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ -- ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានស្នើកាលពីថ្ងៃអាទិត្យ អំពីការបន្តការចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែននៅថ្ងៃទី១៥ ខែឧសភា នៅទីក្រុងអ៊ីស្តង់ប៊ុល។
នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់អ្នកសារព័ត៌មាននៅវិមានក្រឹមឡាំង លោក ពូទីន បាននិយាយថា រុស្ស៊ីនៅតែប្តេជ្ញាចិត្តក្នុងការចរចាយ៉ាងម៉ឺងម៉ាត់ជាមួយអ៊ុយក្រែនដើម្បីដោះស្រាយបញ្ហាឫសគល់នៃជម្លោះដែលកំពុងបន្ត ហើយដាក់មូលដ្ឋានគ្រឹះសម្រាប់សន្តិភាពយូរអង្វែង និងស្ថិរភាព។
លោកបានកត់សម្គាល់ថា លទ្ធភាពនៃកិច្ចព្រមព្រៀងបទឈប់បាញ់អាចត្រូវបានពិភាក្សាក្នុងអំឡុងពេលការចរចាដែលបានស្នើឡើង ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា បទឈប់បាញ់ណាមួយត្រូវតែពិតប្រាកដ និងគោរពដោយភាគីទាំងពីរ។
កាលពីថ្ងៃសៅរ៍ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក អានដ្រី ស៊ីប៊ីហា (Andrii Sybiha) បាននិយាយថា ទីក្រុងគៀវបានត្រៀមខ្លួនរួចជាស្រេចសម្រាប់បទឈប់បាញ់រយៈពេល ៣០ថ្ងៃ «ដោយពេញលេញ និងគ្មានលក្ខខណ្ឌ» ជាមួយរុស្ស៊ី ដែលចាប់ផ្តើមពីថ្ងៃច័ន្ទនេះ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





