រដ្ឋមន្ត្រីការបរទេសចិនជំរុញឱ្យឥណ្ឌា និងប៉ាគីស្ថានជៀសវាងស្ថានការណ៍កាន់តែតានតឹង
AKP ភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បានបង្ហាញក្តីសង្ឃឹមរបស់លោកថា ប្រទេសឥណ្ឌា និងប៉ាគីស្ថាននឹងរក្សាភាពស្ងប់ស្ងាត់ និងអត់ធ្មត់ ដោះស្រាយការខ្វែងគំនិតគ្នាឱ្យបានត្រឹមត្រូវតាមរយៈការសន្ទនា និងការពិគ្រោះយោបល់និងជៀសវាងការធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង។
ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយទីប្រឹក្សាសន្តិសុខជាតិឥណ្ឌាលោក អាជីត ដូវ៉ាល់ (Ajit Doval) លោក វ៉ាង ជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជានាយកការិយាល័យនៃគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការបរទេស បាននិយាយថា ប្រទេសចិនគាំទ្រ និងរំពឹងថាប្រទេសឥណ្ឌា និងប៉ាគីស្ថាននឹងសម្រេចបានបទឈប់បាញ់ដ៏ទូលំទូលាយ និងយូរអង្វែងតាមរយៈការពិគ្រោះយោបល់ដែលជាផលប្រយោជន៍របស់ប្រទេសទាំងពីរ និងតំណាងឱ្យសេចក្តីប្រាថ្នារួមរបស់សហគមន៍អន្តរជាតិ។
លោកបាននិយាយថា ប្រទេសចិនថ្កោលទោសការវាយប្រហារភេរវកម្មនៅក្នុងតំបន់ Pahalgam និងប្រឆាំងគ្រប់ទម្រង់នៃអំពើភេរវកម្ម។
លោក ដូវ៉ាល់ បាននិយាយថា ការវាយប្រហារនៅតំបន់ Pahalgam បានបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសយ៉ាងធ្ងន់ធ្ងរលើភាគីឥណ្ឌា ហើយលោកបានបន្ដថា ប្រទេសឥណ្ឌាចាំបាច់ត្រូវចាត់វិធានការប្រឆាំងអំពើភេរវកម្ម។
លោកបានមានប្រសាសន៍ថា សង្គ្រាមមិនមែនជាជម្រើសរបស់ភាគីឥណ្ឌា ហើយក៏មិនមែនជាផលប្រយោជន៍របស់ភាគីណាមួយដែរ ដោយលោកបានបន្ថែមថា ទាំងឥណ្ឌា និងប៉ាគីស្ថាននឹងប្តេជ្ញាចិត្តចំពោះបទឈប់បាញ់មួយ ហើយទន្ទឹងរង់ចាំការស្ដារឡើងវិញនូវសន្តិភាព និងស្ថិរភាពក្នុងតំបន់នៅដំណាក់កាលដំបូង៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





