អគ្គលេខាធិការអង្គការសហប្រជាជាតិស្វាគមន៍បទឈប់បាញ់រវាងប្រទេសឥណ្ឌា និងប៉ាគីស្ថាន
AKP ភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ -- អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អានតូញ៉ូ ហ្គូធឺរេស (Antonio Guterres)បានស្វាគមន៍កិច្ចព្រមព្រៀងឈប់បាញ់រវាងប្រទេសឥណ្ឌា និងប៉ាគីស្ថាន។
លោក ស្ទេហ្វាន ឌូចារីក (Stephane Dujarric) អ្នកនាំពាក្យរបស់ប្រមុខអង្គការសហប្រជាជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា«អគ្គលេខាធិការបានស្វាគមន៍កិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសឥណ្ឌា និងប៉ាគីស្ថាន ជាជំហានវិជ្ជមានឆ្ពោះទៅរកការបញ្ចប់អរិភាពបច្ចុប្បន្ននិងបន្ធូរបន្ថយភាពតានតឹង»។
លោក ឌូចារីក បាននិយាយថា «លោកសង្ឃឹមថាកិច្ចព្រមព្រៀងនឹងរួមចំណែកដល់សន្តិភាពយូរអង្វែង និងជំរុញបរិយាកាសអំណោយផលដល់ការដោះស្រាយបញ្ហាកាន់តែទូលំទូលាយ រវាងប្រទេសទាំងពីរ»។
អ្នកនាំពាក្យរូបនេះ បានបន្ថែមថា អង្គការសហប្រជាជាតិត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់។
ប្រទេសប៉ាគីស្ថាន និងឥណ្ឌាបានប្រកាសនូវបទឈប់បាញ់គ្នាដោយមានប្រសិទ្ធិភាពភ្លាមៗ បន្ទាប់ពីការវាយប្រហារដោយយោធាជាច្រើនថ្ងៃមកលើគ្នាទៅវិញទៅមក៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





