ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៣២គ្រួសារ នៅស្រុកចំការលើ ខេត្តកំពង់ចាម ទទួលបានអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ
AKP កំពង់ចាម ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥-- ប្រជាពលរដ្ឋដែលមានជីវភាពជួបការលំបាកចំនួន៣២គ្រួសារ នៅភូមិតាំងក្រង់ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម បានទទួលបានអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចំការលើ និងលោកជំទាវ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ តាមរយៈ លោក ខ្លូត ចិន្តា អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប ស្រុកចំការលើ។

ក្នុងឱកាសចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ លោក ខ្លូត ចិន្តា អភិបាលរងខេត្ត និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចំការលើ និងលោកជំទាវ ដែលជានិច្ចកាល ឯកឧត្តមតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខដលប្រជាពលរដ្ឋដែលជួបការលំបាក និងបានឱ្យក្រុមការងារនៃអំណោយទៅផ្តល់ជូនដល់គ្រួសារដែលជួបការខ្វះលើជីវភាពរល់នៅដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយត្រូវចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះជួយសម្រាលទុក្ខលំបាកទាន់ពេលវេលា។

លោកអភិបាលរងខេត្តក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ថែទាំលើបញ្ហាសុខភាពជាប្រចាំ។ ក្នុងករណីមានជំងឺត្រូវទៅកាន់មន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពណានៅជិតចៀសវាងប្រការគ្រោះថ្នាក់ដល់អាយុជីវិត ពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់នៅពេលពេលនេះជារដូវមានភ្លៀងធ្លាក់ជាញឹកញាប់ ហើយតែងតែនាំមកនូវផ្គរ រន្ទះ ពិសេសខ្យល់កន្ត្រាក់ ដែលបង្កការគ្រោះថ្នាក់ជាយថាហេតុណាមួយដល់រាងកាយ និងអាយុជីវិតរបស់ខ្លួន៕

ដោយ ឆាយ ម៉ុត





