ប៉ូលិសតួកគីរឹបអូសវត្ថុធាតុដើមសម្រាប់ផលិតថ្នាំសំយោគ និងឃាត់ខ្លួនជនសង្ស័យ១៦នាក់
AKP ភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ -- ប៉ូលីសតួកគីបានរឹបអូសវត្ថុធាតុដើមសម្រាប់ផលិតថ្នាំសំយោគ «បុនហ្សៃ» (bonzai) ចំនួន ១៥តោននិងបានឃាត់ខ្លួនជនសង្ស័យចំនួន ១៦នាក់ក្នុងអំឡុងពេលប្រតិបត្តិការទ្រង់ទ្រាយធំនៅទីក្រុងអ៊ីស្តង់ប៊ុល។
រដ្ឋមន្ត្រីមហាផ្ទៃតួកគី លោក អាលី យឺលីកាយ៉ា (Ali Yerlikaya) បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ិចថា ប្រតិបត្តិការនេះផ្តោតលើស្រុកធំៗចំនួនបួននៅទូទាំងទីក្រុង។
លោក យឺលីកាយ៉ា បាននិយាយថា «វត្ថុធាតុដើមសរុប ១៤៤គីឡូក្រាមនៃសារធាតុញៀន អាចគ្រប់គ្រាន់សម្រាប់ផលិតប្រហែល ១៥តោននៃថ្នាំសំយោគ bonzai និងថ្នាំ ៨,៤លានគ្រាប់ត្រូវបានរឹបអូស»។ លោកបានបន្ថែមថា ជនជួញដូរគ្រឿងញៀន ១៦នាក់ ក្នុងនោះមានជនបរទេស ២នាក់ត្រូវបានចាប់ខ្លួនក្នុងពេលប្រតិបត្តិការ។
រដ្ឋាភិបាលតួកគីបានចាប់ផ្តើមប្រតិបត្តិការប្រឆាំងគ្រឿងញៀនជាញឹកញាប់។ លោក យឺលីកាយ៉ា បានជំរុញឱ្យប្រជាពលរដ្ឋរាយការណ៍ពីសកម្មភាពគួរឱ្យសង្ស័យណាមួយដោយធានាថាអាជ្ញាធរនឹងចាត់វិធានការចាំបាច់៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





