ចិនចេញការជូនដំណឹងពណ៌លឿងសម្រាប់ព្យុះភ្លៀង និងខ្យល់បក់ខ្លាំង
AKP ភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ -- មជ្ឈមណ្ឌលឧតុនិយមជាតិ(NMC) របស់ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ បានចេញការជូនដំណឹងពណ៌លឿងសម្រាប់ព្យុះភ្លៀង និងអាកាសធាតុដែលមានខ្យល់បក់ខ្លាំងខណៈដែលភាគខាងត្បូងប្រទេសចិនបានទប់ទល់នឹងដំណាក់កាលដ៏ខ្លាំងបំផុតនៃភ្លៀងធ្លាក់ដែលអូសបន្លាយគួបផ្សំនឹងលក្ខខណ្ឌអាកាសធាតុដ៏ធ្ងន់ធ្ងរដែលកំពុងរីករាលដាល។
ចាប់ពីម៉ោង ២:០០នាទីរសៀល ថ្ងៃព្រហស្បតិ៍ដល់ម៉ោង ២:០០នាទីរសៀល ថ្ងៃសុក្រនេះ ផ្នែកខ្លះនៃភាគខាងត្បូង និងខាងជើងប្រទេសចិននឹងជួបប្រទះជាមួយភ្លៀងធ្លាក់ខ្លាំង ត្រូវបានគេរំពឹងថានឹងវាយប្រហារផ្នែកខ្លះនៃខេត្តជាំងស៊ី ភាគខាងកើតប្រទេសចិន ខេត្តហ៊ូណាននៅភាគកណ្តាលប្រទេសចិន និងខេត្តក្វាងស៊ី នៅភាគខាងត្បូងនៃប្រទេស។ តំបន់ដែលរងផលប៉ះពាល់ខ្លះនឹងមានភ្លៀងធ្លាក់ ផ្គរ រន្ទះ និងព្រិលធ្លាក់។
មជ្ឈមណ្ឌល NMC បាននិយាយថា ខ្យល់បក់ខ្លាំងនឹងបោកបក់ផ្នែកខ្លះនៃខេត្តអានហ៊ុយ និងខេត្តជាំងស៊ូ ដែលមានទីតាំងនៅភាគខាងកើតប្រទេសចិន ក៏ដូចជាខេត្តហ៊ូណាន ខេត្តក្វាងស៊ី និងខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន ខណៈដែលព្យុះកំបុតត្បូងអាចកើតមាននៅក្នុងតំបន់មួយចំនួននៃខេត្តជាំងស៊ី។
មជ្ឈមណ្ឌល NMC បានណែនាំសាធារណៈជនឱ្យតាមដានយ៉ាងដិតដល់នូវការព្យាករណ៍អាកាសធាតុ និងការប្រកាសអាសន្ន ផ្តល់អាទិភាពដល់សុវត្ថិភាពផ្លូវថ្នល់ និងរក្សាការប្រុងប្រយ័ត្នចំពោះគ្រោះមហន្តរាយបន្ទាប់បន្សំដែលអាចកើតមាន។
ប្រទេសចិនមានប្រព័ន្ធព្រមានអាកាសធាតុដែលមានកូដពណ៌ចំនួន ៤ជាន់ ដោយពណ៌ក្រហមតំណាងឱ្យការព្រមានធ្ងន់ធ្ងរបំផុត បន្ទាប់មកពណ៌ទឹកក្រូច ពណ៌លឿង និងពណ៌ខៀវ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





