យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន ៤០នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅទីក្រុងហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ -- យោងតាមប្រភពវេជ្ជសាស្រ្តប៉ាឡេស្ទីន បានឱ្យដឹងថា យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន៤០នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួសក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅទីក្រុងហ្គាហ្សា។
សាក្សីដែលបានឃើញផ្ទាល់ភ្នែកបានប្រាប់សារព័ត៌មាន Xinhua ថាយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលបានបាញ់កាំជ្រួចយ៉ាងហោចណាស់មួយគ្រាប់ទៅលើភោជនីយដ្ឋាន និងផ្សារមួយក្នុងសង្កាត់អាល់ រីម៉ាល់ នៅកណ្តាលទីក្រុងហ្គាហ្សា។
ប្រភពវេជ្ជសាស្ត្របានប្រាប់សារព័ត៌មាន Xinhua ថាយ៉ាងហោចណាស់មនុស្ស ២៥នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស ខណៈដែលមនុស្សរាប់សិបនាក់ផ្សេងទៀតបានរងរបួសដែលភាគច្រើនពួកគេស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ប្រភពបានបន្ថែមថា អ្នករងរបួសនិងសាកសពជនរងគ្រោះត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យដោយមិនដឹងថាចំនួនអ្នកស្លាប់នឹងកើនឡើងនោះទេ។
ជាមួយគ្នានេះ អាជ្ញាធរការពារជនស៊ីវិលរបស់ទីក្រុងហ្គាហ្សា បាននិយាយថា យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន ១៥នាក់ ត្រូវបានសម្លាប់និង ១០នាក់ផ្សេងទៀតបានរងរបួសក្នុងការវាយប្រហារតាមអាកាសពីរលើករបស់អ៊ីស្រាអែលទៅលើសាលារៀនមួយកន្លែងដែលបានផ្លាស់ទីលំនៅប្រជាជននៅភាគខាងកើតនៃទីក្រុងហ្គាហ្សា។
លោក ម៉ាហ៍មូដ បាសាល់ (Mahmoud Basal) អ្នកនាំពាក្យការពារជនស៊ីវិលបាននិយាយថា កងទ័ពអ៊ីស្រាអែលបានកំណត់គោលដៅលើសាលារៀន Al-Karama ដែលមានគ្រួសារជនភៀសខ្លួនរាប់សិបនាក់នៅក្នុងសង្កាត់អាល់ ទូហ្វហ្វាហ៍ ក្នុងការវាយប្រហារពីរផ្សេងគ្នា។ លោក បាសាល់ បានបន្តថា ក្នុងចំណោមជនរងគ្រោះមានកុមារ និងស្ត្រី។ ពួកគេទាំងអស់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Al-Ahli Arab ក្នុងទីក្រុងហ្គាហ្សា។
យោងតាមអាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅទីក្រុងហ្គាហ្សាបាននិយាយថា នៅថ្ងៃទី១៨ ខែមីនា អ៊ីស្រាអែលបានបន្តប្រតិបត្តិការយោធារបស់ខ្លួនឡើងវិញ។ យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន២.៥៤៥នាក់ត្រូវបានសម្លាប់ និង៦.៨៥៦នាក់ផ្សេងទៀតបានរងរបួសចាប់តាំងពីអ៊ីស្រាអែលបានបន្តការវាយប្រហារដ៏ខ្លាំងក្លារបស់ខ្លួន ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបចាប់តាំងពីខែតុលា ឆ្នាំ២០២៣ កើនដល់ ៥២.៦៥៣នាក់និងរបួសដល់ ១១៨.៨៩៧នាក់៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





