អាជ្ញាធរខេត្តសៀមរាបសំណូមពរដល់ព្រះគ្រូចៅអធិការវត្តនៅក្នុងបរិវេណឧទ្យានអង្គរចូលរួមបំពេញតួនាទីភារកិច្ច ក្នុងការការពារតំបន់រមណីដ្ឋានអង្គរ សម្បត្តិបេតិកភណ្ឌជាតិ ឱ្យកាន់តែមានប្រសិទ្ធភាព
AKP សៀមរាប ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ -- ថ្លែងក្នុងពិធីបើកសន្និបាតព្រះសង្ឃក្នុងតំបន់ឧទ្យានបេតិកភណ្ឌពិភពលោកអង្គរ ស្តីពី “វត្តអារាមពុទ្ធសាសនា បេតិកភណ្ឌ ទឹក បរិស្ថាន បម្រែបម្រួលអាកាសធាតុ និងសុវត្ថិភាពស្បៀង” ក្រោមកិច្ចផ្តួចផ្តើមរបស់ក្រុមប្រឹក្សាកិច្ចការវត្តអារាមនៅតំបន់ឧទ្យានអង្គរនៃសាលាគណខេត្តសៀមរាប នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥នេះ លោក លី សារី អភិបាលរងខេត្តសៀមរាប បានសំណូមពរដល់ព្រះគ្រូចៅអធិការវត្តទាំងអស់ដែលមាននៅក្នុងបរិវេណឧទ្យានអង្គរ អាជ្ញាធរមូលដ្ឋានទាំងអស់ចូលរួមបំពេញតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការការពារតំបន់រមណីដ្ឋានអង្គរ សម្បត្តិបេតិកភណ្ឌជាតិ និងវិស័យផ្សេងៗក្នុងខេត្តសៀមរាបឱ្យកាន់តែល្អប្រសើរ។

លោកអភិបាលរងក៏បានសង្ឃឹមយ៉ាងមុតមាំថា រដ្ឋបាលខេត្ត អាជ្ញាធរជាតិអប្សរា រដ្ឋបាលក្រុង-ស្រុក មន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ វត្តអារាម និងអាស្រម ក្នុងតំបន់រមណីដ្ឋានអង្គរទាំងអស់ ត្រូវពង្រឹងការសហការ ការការពារសម្បត្តិវប្បធម៌ និងសម្បត្តិបេតិកភណ្ឌពិភពលោក ដែលជាកេរ្តិ៍តំណែលពីដូនតាបានបន្សល់ទុកនេះឱ្យបានគង់វង្សយូរអង្វែង ស្របតាមរដ្ឋធម្មនុញ្ញ លិខិតូបករណ៍អន្តរជាតិ ច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

អភិបាលរងខេត្តសៀមរាបបានរំលឹកផងដែរថា តំបន់រមណីយដ្ឋានអង្គរត្រូវបានអង្គការយូណេស្កូ (UNESCO) ធ្វើការចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្រោមការជួយជ្រោមជ្រែងពីអាយស៊ីស៊ី-អង្គរ ICC Angkor ដែលមានប្រទេសជប៉ុន និងបារាំងជាសហប្រធាន ក្នុងនោះអាជ្ញាធរជាតិអប្សរា ជាស្ថាប័នប្រតិបត្តិរមណីយដ្ឋានអង្គរ និងត្រូវបានផ្សព្វផ្សាយជាបន្តបន្ទាប់ទៅកាន់ទីផ្សារទេសចរណ៍ពិភពលោក ក្លាយជាផលិតផលទេសចរណ៍ដ៏ទាក់ទាញសម្រាប់ប្រទេសកម្ពុជា។

សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោគណៈមហានិកាយ ឧត្តមទីប្រឹក្សាសម្តេចព្រះសង្ឃនាយក បានមានថេរដីកាថា សន្និបាតព្រះសង្ឃក្នុងតំបន់ឧទ្យានបេតិកភណ្ឌពិភពលោកអង្គរស្តីពីវត្តអារាមពុទ្ធសាសនា បេតិកភណ្ឌ ទឹក បរិស្ថាន បម្រែបម្រួលអាកាសធាតុ និងសុវត្ថិភាពស្បៀងបានប្រារព្ធឡើងដើម្បីបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នអំពីសំណាក់ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្តក្មេងវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងឡាយដែលមាននៅក្នុងបរិវេណឧទ្យានអង្គរទៅលើបេតិកភណ្ឌជាតិ និងពិភពលោកនេះ ឱ្យកាន់តែប្រសើរឡើងក្នុងគោលដៅ។
សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម បានថេរដីការបន្ថែមថា វត្តនិងអាស្រមនានា មានជិត ៤០ កន្លែងដែលស្ថិតនៅក្នុងតំបន់ឧទ្យានបេតិកភណ្ឌពិភពលោកអង្គរ ទោះតិចឬច្រើន រមែងមានឥទ្ធិ ពលទៅលើបេតិកភណ្ឌជាតិ និងបេតិកភណ្ឌពិភពលោកនេះ ទាំងវិជ្ជមានខ្លះ អវិជ្ជមានខ្លះ ហើយដែលនឹងប៉ះពាល់ទៅលើ ច្បាប់គោលការណ៍បេតិកភណ្ឌពិភពលោកដែលកំពុងអនុវត្ត និងប៉ះពាល់ដល់វិស័យទេសចរណ៍ជាតិខ្លះៗជាពុំខាន។ គណៈសង្ឃខេត្តសៀមរាប ក៏ដូចជាគណៈសង្ឃនៃព្រះរាជាណាចក្រកម្ពុជា តែងមានការព្រួយបារម្ភ និងយកចិត្តទុកដាក់ដោះស្រាយជាមួយអាជ្ញាធរជាតិគ្រប់លំដាប់ថ្នាក់ ដើម្បីឱ្យវត្ត និងអាស្រមទាំងនោះស្ថិតនៅក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងចូលរួមក្នុងវិស័យផ្សេងៗ ដែលអាចនឹងលើកស្ទួយការអភិវឌ្ឍនៅតំបន់អង្គរនេះឱ្យបានប្រសើរឡើងផងដែរ៕
ដោយ ឃុត សៅ





