កូរ៉េខាងត្បូង និងសាធារណរដ្ឋឆេកបានចុះហត្ថលេខាលើអនុស្សរណៈចំនួន ១៤ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងថាមពលនុយក្លេអ៊ែរ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ -- ប្រទេសកូរ៉េខាងត្បូង និងសាធារណរដ្ឋឆេកបានបើកកិច្ចពិភាក្សាកម្រិតកំពូលកាលពីថ្ងៃពុធ ក្នុងគោលបំណងពង្រីកទំនាក់ទំនងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដែលបណ្តាលឱ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ចំនួន ១៤ រួមទាំងកិច្ចព្រមព្រៀងសំខាន់ៗក្នុងវិស័យថាមពលនុយក្លេអ៊ែរ។
កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា ទោះបីជាមានការពន្យារពេលក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រមាណ ២៦ទ្រីលានវ៉ុន (១៨,៦ប៊ីលានដុល្លារអាម៉េរិក) សម្រាប់ការសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួនពីរនៅក្នុងប្រទេសអឺរ៉ុបក៏ដោយ។
សម្ព័ន្ធក្រុមហ៊ុនកូរ៉េខាងត្បូងដែលដឹកនាំដោយក្រុមហ៊ុន Korea Hydro & Nuclear Power Co. (KHNP) ដើមឡើយគ្រោងនឹងបញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុន Elektrarna Dukovany II (EDU II) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CEZ ដែលគ្រប់គ្រងដោយរដ្ឋឆែកនៅថ្ងៃនោះ ប៉ុន្តែការចុះហត្ថលេខានេះត្រូវបានពន្យារពេលដោយសារដីការបស់តុលាការបន្ទាប់ពីការប្រឈមផ្លូវច្បាប់ដោយក្រុមហ៊ុនថាមពលបារាំង EDF ដែលជាអ្នកដេញថ្លៃចាញ់ក្នុងដំណើរការដេញថ្លៃ។
គណៈប្រតិភូកូរ៉េខាងត្បូងដឹកនាំដោយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលោក អាន ដុកជុន (Ahn Duk-geun) បានជួបជាមួយនាយករដ្ឋមន្ត្រីឆែកលោក ផេទ័រ ហ្វៀឡា (Petr Fiala) ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីជាច្រើនក្នុងវិស័យដូចជា ឧស្សាហកម្ម ថាមពល សំណង់ហេដ្ឋារចនាសម្ព័ន្ធ និងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
លោក អាន បាននិយាយថា «ខ្ញុំមានទំនុកចិត្តថា ប្រសិនបើក្រុមហ៊ុននុយក្លេអ៊ែរឈានមុខគេមកពីប្រទេសកូរ៉េខាងត្បូង និងសាធារណរដ្ឋឆេកចូលរួមកម្លាំងគ្នា ពួកគេមិនត្រឹមតែអាចសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចក្លាយជាអ្នកដឹកនាំពិភពលោកក្នុងការកែច្នៃថាមពលនុយក្លេអ៊ែរឡើងវិញផងដែរ»។
រដ្ឋាភិបាលទាំងពីរក៏បានព្រមព្រៀងគ្នាក្នុងការស្វែងរកកិច្ចសហប្រតិបត្តិការលើការចូលទៅក្នុងទីផ្សារនុយក្លេអ៊ែររបស់ប្រទេសទីបី និងបានពិភាក្សាអំពីសក្តានុពលនៃការសាងសង់រ៉េអាក់ទ័របន្ថែម៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





