គណបក្សកាន់អំណាចស្រីលង្កាឈ្នះការបោះឆ្នោតរដ្ឋាភិបាលក្នុងតំបន់
AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ -- យោងតាមលទ្ធផលចុងក្រោយដែលចេញដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតកាលពីថ្ងៃពុធបានឱ្យដឹងថា គណបក្សអំណាចប្រជាជនជាតិ (NPP) ដែលកំពុងកាន់អំណាចរបស់ប្រទេសស្រីលង្កាបានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោត រដ្ឋាភិបាលក្នុងតំបន់ឆ្នាំ២០២៥ ដោយទទួលបានសំឡេងគាំទ្រ ៤៣,២៦% និងទទួលបានអាសនៈក្រុមប្រឹក្សាចំនួន ៣.៩២៧អាសនៈ។
ការបោះឆ្នោតដែលបានធ្វើឡើងនៅទូទាំងប្រទេសកាលពីថ្ងៃអង្គារឃើញថា គណបក្សNPP គ្របដណ្ដប់ក្នុង ២៦៦ទីតាំងក្នុងចំណោមស្ថាប័នរដ្ឋាភិបាលក្នុងតំបន់ចំនួន ៣៣៩ស្ថាប័ន របស់ប្រទេសនេះ។
គណបក្សប្រឆាំងដ៏សំខាន់គឺ គណបក្ស Samagi Jana Balawegaya(SJB) បានឈរនៅលំដាប់ទីពីរជាមួយនឹងសម្លេងឆ្នោត ២១,៦៩% ទទួលបានអាសនៈចំនួន ១.៧៦៧អាសនៈ និងនាំមុខនៅក្នុងស្ថាប័នរដ្ឋាភិបាលក្នុងតំបន់ចំនួន ១៣ស្ថាប័ន។
ទន្ទឹមនឹងនេះដែរ គណបក្ស Illankai Tamil Arasu Katchi (ITAK) បានទទួលអាសនៈចំនួន ៣៧៧អាសនៈ និងបានគ្រប់គ្រងស្ថាប័នរដ្ឋាភិបាលក្នុងតំបន់ចំនួន ៣៧ស្ថាប័ន។ សមាជមូស្លីមស្រីលង្កា (SLMC) ទទួលបានកៅអីចំនួន ១១៦កៅអី និងនាំមុខនៅក្នុងស្ថាប័នរដ្ឋាភិបាលក្នុងតំបន់ចំនួន៥ស្ថាប័ន។ អ្នកចុះឈ្មោះបោះឆ្នោតមានចំនួន ១៧.១៥៦.៣៣៨នាក់ ហើយចំនួនអ្នកទៅបោះឆ្នោតមានប្រមាណ ៦០%៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





