ក្រុមហ៊ូធីរបស់ប្រទេសយេម៉ែនប្តេជ្ញាសងសឹកបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៧នាក់
AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ -- យោងតាមអាជ្ញាធរសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហ៊ូធី បានឱ្យដឹងថា ក្រុមហ៊ូធីបានប្តេជ្ញាសងសឹកអ៊ីស្រាអែលចំពោះការវាយប្រហារតាមអាកាសរបស់ខ្លួនក្នុងប្រទេសយេម៉ែនកាលពីថ្ងៃអង្គារ ដែលបានសម្លាប់មនុស្ស ៧នាក់និង៩៧នាក់ផ្សេងទៀតរងរបួស។
ការវាយប្រហារបានកើតឡើងនៅរដ្ឋធានីយេម៉ែន និងខេត្តអាមរ៉ាន់ដែលនៅជិតនោះ ដោយបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់អាកាសយានដ្ឋានអន្តរជាតិសាណាអា។
នៅក្នុងសុន្ទរកថាទៅកាន់ទូរទស្សន៍ Houthi-run al-Masirah TV កាលពីថ្ងៃពុធ អគ្គនាយកអាកាសយានដ្ឋានសាណាអា លោក ខាលីដ អាល់ សាអីហ្វ (Khaled Al-Shaif) បាននិយាយថា «ជើងហោះហើរទៅ និងមកទាំងអស់ពីអាកាសយានដ្ឋានត្រូវបានផ្អាករហូតដល់មានការជូនដំណឹងបន្ថែមបន្ទាប់ពីអាកាសយានដ្ឋានត្រូវបានបំផ្លាញដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល»។
លោក អាល់ សាអីហ្វ បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលលើអាកាសយានដ្ឋានសាណាអាបានបង្កឱ្យមាន «ការខាតបង់យ៉ាងធ្ងន់ធ្ងរ» លោកបានបន្ថែមថា ផ្លូវរត់ ប៉ម ឧបករណ៍រ៉ាដា អគារស្ថានីយច្រកចេញ និងច្រកចូល ព្រមទាំងការិយាល័យលិខិតឆ្លងដែន គយ និងសន្តិសុខត្រូវបានបំផ្លាញទាំងអស់ ។
លោក អាល់ សាអីហ្វ បាននិយាយថា «ការខាតបង់ ... អាចមានចំនួនប្រហែល ៥០០លានដុល្លារអាម៉េរិក» លោកបានបន្ថែមថា «វានឹងចំណាយពេលយូរណាស់» ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធឡើងវិញ។
ក្រុមហ៊ូធីបានកំណត់គោលដៅលើអ៊ីស្រាអែល ចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០២៣ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប៉ាឡេស្ទីន បន្ទាប់ពីសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស់បានផ្ទុះឡើងនៅតំបន់ហ្គាហ្សា៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





