ជនស៊ីវិល ២៦នាក់បានស្លាប់ និង៤៦នាក់បានរងរបួសក្នុងការវាយប្រហាររបស់ឥណ្ឌាទៅលើប៉ាគីស្ថាន
AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ -- អ្នកនាំពាក្យរបស់កងទ័ពប៉ាគីស្ថានបាននិយាយថា មនុស្ស ២៦នាក់ រួមទាំងស្ត្រី និងកុមារត្រូវបានសម្លាប់ និង៤៦នាក់ផ្សេងទៀតបានរងរបួសនៅពេលដែលប្រទេសឥណ្ឌាបានវាយប្រហារលើការតាំងទីលំនៅជនស៊ីវិលនៅក្នុងតំបន់ចំនួន ៦កន្លែងនៃប្រទេសប៉ាគីស្ថានកាលពីយប់ថ្ងៃអង្គារ និងព្រឹកថ្ងៃពុធ។
អគ្គនាយកទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម (ISPR) លោក អាហ៍មេដ សារីហ្វ ជូដហ៍រី (Ahmed Sharif Chaudhry) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ប្រទេសឥណ្ឌាបានវាយប្រហារផ្ទះ និងវិហារឥស្លាមដោយផ្តោតលើជនស៊ីវិលនៅក្នុងតំបន់កាស្មៀរដែលគ្រប់គ្រងដោយប្រទេសប៉ាគីស្ថាន និងខេត្តផុនចាប់ ភាគខាងកើតរបស់ប្រទេសនេះ។
លោកបានបញ្ជាក់ថា កងទ័ពអាកាសប៉ាគីស្ថានបានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌាចំនួន ៥គ្រឿង ក្នុងនោះមានយន្ដហោះ Rafales ៣គ្រឿង យន្ដហោះ MiG-29 មួយគ្រឿង យន្ដហោះ Sukhoi មួយគ្រឿងនិងយន្តហោះគ្មានមនុស្សបើកប្រយុទ្ធដែលកំទេចកំទីបានធ្លាក់ក្នុងទឹកដីឥណ្ឌា។ លោកបានបន្ថែមថា «គ្មានយន្តហោះប៉ាគីស្ថានណាមួយចូលក្នុងដែនអាកាសឥណ្ឌានោះទេ។
អគ្គនាយក ISPR បាននិយាយថា ប៉ុស្តិ៍ជាច្រើន និងទីបញ្ជាការកងពលតូចរបស់កងទ័ពឥណ្ឌា គឺជាគោលដៅនៅក្នុងសកម្មភាពសងសឹករបស់ប្រទេសប៉ាគីស្ថាន។
កងទ័ពអាកាសប៉ាគីស្ថានបានបើកការវាយប្រហារនេះតែបន្ទាប់ពីប្រទេសឥណ្ឌាបានអនុវត្តន៍ «ការឈ្លានពានដែលមិនមានការអំពាវនាវប្រឆាំងនឹងបូរណភាពទឹកដី និងប្រជាជនស្លូតត្រង់នៃប្រទេសប៉ាគីស្ថានដោយការបាញ់ប្រហារមកលើពួកគេតាមរយៈអាវុធដែលប្រឈមមុខដាក់គ្នា»។
អគ្គនាយក ISPR បាននិយាយថា នៅពេលនៃការវាយប្រហារនេះជើងហោះហើរជាតិ និងអន្តរជាតិជាច្រើនបានស្ថិតនៅក្នុងដែនអាកាសរបស់ប្រទេសប៉ាគីស្ថាន ហើយជីវិតរបស់អ្នកដំណើរស៊ីវិលរាប់ពាន់នាក់បានស្ថិតក្នុងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ។
លោកបានកត់សម្គាល់ថា «ប្រទេសប៉ាគីស្ថានរក្សាសិទ្ធិ ហើយនឹងឆ្លើយតបទៅនឹងការឈ្លានពាននេះនៅមួយកន្លែង ជាមួយនឹងមធ្យោបាយនៃជម្រើសរបស់យើងផ្ទាល់»៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





