រដ្ឋមន្ដ្រីការបរទេសចិនបានអបអរសាទររដ្ឋមន្ដ្រីការបរទេសអាឡឺម៉ង់ថ្មី
AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បានអបអរសាទរ លោក ចូហាន់ វ៉ាដេពូល (Johann Wadephul) ចំពោះតួនាទីថ្មីរបស់លោកជារដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ ហើយបានសន្យាថានឹងធ្វើការជាមួយលោក។
នៅក្នុងសារអបអរសាទររបស់លោក លោក វ៉ាង ជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បាននិយាយថា ប្រទេសចិន និងអាល្លឺម៉ង់ គឺជាប្រទេសសំខាន់ពីរដែលមានឥទ្ធិពលលើសកលលោក។
លោកបានមានប្រសាសន៍ថា ក្នុងរយៈពេល ៥៣ឆ្នាំចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក ប្រទេសទាំងពីរបានជំនះលើភាពខុសគ្នាក្នុងប្រវត្តិសាស្ត្រ និងក្នុងលក្ខខណ្ឌជាតិ បង្កើតទំនាក់ទំនងស្ថិរភាព និងប្រកបដោយប្រសិទ្ធភាពជាមួយនឹងចក្ខុវិស័យយុទ្ធសាស្ត្រទូលំទូលាយដោយធ្វើឱ្យមានការរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍទំនាក់ទំនងចិន-សហភាពអឺរ៉ុប និងវិបុលភាពពិភពលោក។
លោក វ៉ាង បាននិយាយថា នៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះគឺជាកន្លែងដែលមានភាពចលាចល និងមានការផ្លាស់ប្តូរ ហើយជំនោរនៃឯកតោភាគីនិយម និងលទ្ធិគាំពារនិយមកំពុងកើនឡើង ប្រទេសចិន និងអាល្លឺម៉ង់គួរតែគោរពគ្នាទៅវិញទៅមក ស្វែងរកមូលដ្ឋានរួមគ្នា លើកកម្ពស់ការផ្លាស់ប្តូរ និងការរៀនសូត្រគ្នាទៅវិញទៅមក និងបន្តកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ ដើម្បីលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ភាគីទាំងពីរទៅកម្រិតកំពូល និងរួមគ្នាការពារពិភពលោកពហុប៉ូលប្រកបដោយសមធម៌ មានសណ្តាប់ធ្នាប់ និងសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលមានអត្ថប្រយោជន៍។
អ្នកការទូតកំពូលរបស់ចិន បាននិយាយថា លោកមានឆន្ទៈក្នុងការបង្កើតទំនាក់ទំនងការងារល្អជាមួយលោក វ៉ាដេពូល ហើយទន្ទឹងរង់ចាំជួបលោកនៅពេលវេលាដំបូងសម្រាប់ការផ្លាស់ប្តូរស៊ីជម្រៅ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





