ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា អញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាលនៅមន្ទីរពេទ្យកាល់ម៉ែត
AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥-- ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងក្រុមការងារបានអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាលដល់ប្រជាពលរដ្ឋ និងសួរសុខបុគ្គលិក និងមន្ត្រីសុខាភិបាលនៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥។

ក្នុងឱកាសចុះពិនិត្យ ឯកឧត្តមសាស្ត្រាចារ្យបានអញ្ជើញពិនិត្យការផ្តល់សេវាផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកសម្រាកពេទ្យ និងកន្លែងបើកឱសថជូនអ្នកជំងឺ ប.ស.ស ។ល។ ព្រមទាំងបានឆ្លៀតជួបសំណេះសំណាលសាកសួរសុខទុក្ខអ្នកជំងឺ និងក្រុមគ្រួសារ និងបានផ្តល់សារគន្លឹះជូនប្រជាពលរដ្ឋលើការយកចិត្តទុកដាក់បង្ការ និងថែទាំសុខភាព ដើម្បីទទួលបានសុខភាពរឹងមាំជាប្រចាំ។

ទន្ទឹមនឹងនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏បានផ្ដល់អនុសាសន៍គន្លឹះជូនដល់គ្រូពេទ្យពីវិធីសាស្ត្រមើលថែ និងព្យាបាលអ្នកជំងឺ ដើម្បីឱ្យការបម្រើសេវាព្យាបាលអ្នកជំងឺកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់បន្ថែមទៀត និងបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមអគ្គនាយកមន្ទីរពេទ្យ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកាល់ម៉ែត និងបានជូនពរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ សូមមានសុខភាពល្អ កម្លាំងមាំមួន និងជោគជ័យគ្រប់ភារកិច្ចការងារ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជនឱ្យកាន់តែល្អប្រសើរឡើង៕

ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





