អាហារដ្ឋានត្មាតក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គ ប្រទះឃើញសត្វត្មាត៣ក្បាល
AKP ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥-- មន្ត្រីអង្គការ WWF បានឱ្យដឹងនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ថា ក្រុមការងាររបស់អង្គការ WWF កម្ពុជា បានរៀបចំ «អាហារដ្ឋានត្មាត» នៅជិតភូមិស្រែឈូក ក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គ ចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២៥ ដោយឃើញមានវត្តមានសត្វត្មាតចំនួន៣ក្បាល។
ក្រុមការងាររបស់អង្គការ WWF បានកត់ត្រាឃើញមានសត្វត្មាតភ្លើងចំនួនពីរក្បាល ឈ្មោលមួយ និងញីមួយក្បាល និងសត្វត្មាតផេះមួយក្បាលផងដែរ ដែលសត្វទាំងពីរប្រភេទនេះត្រូវបានដាក់ក្នុងបញ្ជីក្រហមរបស់ IUCN ជាប្រភេទជិតផុតពូជបំផុត ។ «អាហារដ្ឋានត្មាត» ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្ស ហើយវាជាកន្លែងដែលផ្តល់ចំណីប្រកបដោយសុវត្ថិភាព ខណៈពេលដែលអាចឱ្យក្រុមអ្នកស្រាវជ្រាវ តាមដាន និងត្រួតពិនិត្យរបស់យើងអាចស្វែងយល់បន្ថែមអំពី របាយនៃចំនួនសត្វ និងសុខមាលភាពប្រភេទសត្វ។
ក្រុមស្រាវជ្រាវ និងតាមដានជីវចម្រុះរបស់អង្គការ WWF កម្ពុជា នឹងបន្តសង្កេតមើលតំបន់នេះនាពេលខាងមុខ និងដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការការពារសត្វត្មាតរយៈពេលវែង៕

ដោយ ណយ នឿន (ប្រភព៖ WWF)





