ឆ្មាដាវ២ក្បាលដែលពលរដ្ឋចាប់បាន ត្រូវដោះលែងឱ្យរស់នៅជម្រកព្រៃធម្មជាតិវិញ
AKP ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥-- សត្វឆ្មាដាវចំនួន២ក្បាលដែលជាសត្វដ៏កម្ររបស់ពិភពលោកយើងនេះ ដែលត្រូវបានប្រជាពលរដ្ឋចាប់បាននាកន្លងមក ពេលនេះត្រូវបានដោះលែងឱ្យទៅរស់នៅទីព្រៃធម្មជាតិវិញ។
អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បានឱ្យដឹងថាកាលពីថ្ងៃទី០៦ ខែឧសភា កន្លងទៅនេះ ក្រុមការងារស្រាវជ្រាវជីវចម្រុះនៃអង្គការជីវិតធម្មជាតិនៅកម្ពុជាបានសហការជាមួយមន្ត្រីឧទ្យានុរក្សមន្ទីរបរិស្ថានខេត្តរតនគិរីដើម្បីលែងសត្វឆ្មាដាវ២ក្បាលចូលព្រៃជម្រកធម្មជាតិវិញក្នុងទីតាំងគម្រោងឥណទានកាបូនរេដបូកនៃដែនជម្រកសត្វព្រៃលំផាត់។


អង្គការជីវិតធម្មជាតិនៅកម្ពុជាបានឱ្យដឹងថា សត្វឆ្មាដាវទាំងពីរក្បាលនេះត្រូវបានប្រជាពលរដ្ឋចាប់បាននៅពេលដែលពួកគាត់ទៅចម្ការ ហើយបានប្រគល់ឱ្យក្រុមការងារស្រាវជ្រាវជីវចម្រុះនៃអង្គការជីវិតធម្មជាតិនិង មន្ត្រីឧទ្យានុរក្សមន្ទីរបរិស្ថានខេត្តរតនគិរីនាកន្លងមក។ ឆ្មាដាវនេះជាទូទៅមានសម្បុរលឿង-ត្នោត លាយជាមួយរោមអុចៗពណ៌ខ្មៅ និងមានឆ្នូត៥-៦ សម្បុរត្នោតចាស់ចាប់ផ្តើមចេញពីលើក្បាល និងផ្នែកខាងក្រោយរហូតដល់ស្មា។ ឆ្មាដាវជាសត្វពូកែហែលទឹកណាស់ អាចបន្តពូជបានពេញមួយឆ្នាំ មានរយៈពេលពពោះពី៦៥ថ្ងៃ-៧២ថ្ងៃ និងអាចកូនម្តងបានពី១ទៅ៤ក្បាល។

គួរបញ្ជាក់ថាសត្វដ៏កម្រប្រភេទនេះតែងរស់នៅក្នុងព្រៃស្ទើរគ្រប់ប្រភេទ និងរួមទាំងព្រមទាំងព្រៃដាំថ្មីផង។ អាហាររបស់វាមាន បក្សី សត្វកកេរ ត្រកួត អន្សង ក្តាន់ញ៉ែជាដើម។ វាអាចចាប់ចំណីបានដោយសារការលោតចុះសង្គ្រប់ពីលើដើមឈើទៅលើចំណីរបស់វា៕
ដោយ៖ ដេប៉ូ





