ឯកឧត្ដម ឃួង ស្រេង៖ ទិវាចងចាំប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅទូទាំងប្រទេស
AKP ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥-- ទិវាចងចាំត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅទូទាំងប្រទេស ដើម្បីរំលឹកពីរបបដែលមិនអាចបំភ្លេចបាន គឺរបបប្រល័យពូជសាសន៍ប៉ុល ពត រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដោយបានកាប់សម្លាប់ប្រជាជនកម្ពុជាអស់ជាង៣លាននាក់។ សម្រាប់រាជធានីភ្នំពេញ ទិវាចងចាំឆ្នាំនេះនឹងធ្វើឱ្យធំជាងឆ្នាំកន្លងទៅ នៅថ្ងៃ២០ ឧសភា ២០២៥ខាងមុខនេះ ដោយត្រូវរៀបចំជាកម្រិតថ្នាក់ជាតិ នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំត្រៀមរៀបចំទិវាជាតិនៃការចងចាំ នៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ។


ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា របបប្រល័យពូជសាសន៍ប៉ុល ពត បានប្រែក្លាយប្រទេសកម្ពុជាពីប្រទេសរីកចម្រើនជឿនលឿនទៅជាប្រទេសគ្មានអ្វីទាំងអស់។យើងតែងប្រារព្ធទិវាចងចាំនេះជារៀងរាល់ឆ្នាំ នៅទូទាំងប្រទេស ហើយទិវាចងចាំឆ្នាំនេះយើងត្រូវរៀបចំឡើងក្នុងកម្រិតថ្នាក់ជាតិ ដោយត្រូវគិតគូរពីការផ្សាយផ្ទាល់ពីក្រុមព័ត៌មាន ចំពោះខ្លឹមសារក៏ត្រូវធ្វើឱ្យគ្រប់ជ្រុងជ្រោយជាងឆ្នាំកន្លងទៅ ព្រោះឆ្នាំនេះថ្នាក់ជាតិចូលរួមជាអធិបតី មិនដូចរាល់ឆ្នាំរដ្ឋបាលរាជធានីភ្នំពេញជាអ្នករៀបចំនោះទេ។ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ទទួលខុសត្រូវក្នុងការរក្សាសន្តិសុខ និងការរៀបចំប្រជាពលរដ្ឋមន្ត្រីរាជការចូលរួម។ ចំពោះខ្លឹមសារនៃការរៀបចំយ៉ាងណានោះ គឺថ្នាក់ជាតិជាអ្នករៀបចំ។

ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា ការបង្កើតឱ្យមានកិច្ចប្រជុំនៅថ្ងៃនេះ គឺដើម្បីប្រកាសឱ្យដឹងក្នុងការត្រៀមខ្លួនឱ្យបានរួចស្រេចក្នុងការចូលក្នុងការប្រារព្វទិវាចងចាំ២០ឧសភានេះ។ យើងនឹងបង្កើតគណៈកម្មាធិការមួយ ដើម្បីរៀបចំដោយរដ្ឋបាលរាជធានីជាអ្នកចូលរួមដោយគិតពីចំណតរថយន្តផងដែរ។


ឯកឧត្តម ឃួង ស្រេង បានបន្តថា សម្រាប់ការប្រារព្ធពិធីឆ្នាំនេះត្រូវធ្វើឡើងជាថ្នាក់ជាតិ ដូច្នេះមន្ទីរព័ត៌មាន ក៏ដូចជាមន្ទីរសាធារណការ មន្ទីរធម្មការ និងសាសនា និងមន្ទីរវប្បធម៌ជាដើម ត្រូវត្រៀមរៀបចំការងាររបស់ខ្លួនឱ្យបានល្អ ដោយត្រូវរាយការណ៍ទៅក្រសួងរបស់ខ្លួន ជុំវិញការងារដែលត្រូវអនុវត្ត។ ចំពោះខណ្ឌទាំង១៤ ត្រូវត្រៀមប្រជាពលរដ្ឋ ដែលត្រូវចូលរួមក្នុងទិវានេះ ជាមួយនឹងការពង្រឹងសន្តិសុខឱ្យបានល្អប្រសើរ។ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវដឹកនាំក្រុមការងារចុះទៅពិនិត្យ ដល់ទីតាំងនៅមជ្ឈមណ្ឌលជើងឯកនេះ ដោយមើលទាំងចំណតរថយន្ត សម្អាតទីធ្លាឱ្យបានស្អាត ដោយសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានខណ្ឌដង្កោ ដើម្បីសម្អាតបរិស្ថានបានល្អផង៕
ដោយ សួស សំរិត





