គណៈប្រតិភូនាយទាហានវ័យក្មេងវៀតណាមធ្វើទស្សនកិច្ចសិក្សានៅបញ្ជាការដ្ឋានទ័ពពិសេស
AKP ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥-- ឧត្តមសេនីយ៍ត្រី មួន សាម៉េត មេបញ្ជាការរង នាយសេនាធិការបញ្ជាការដ្ឋានទ័ពពិសេសនៃកងទ័ពជើងគោក នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យគណៈប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយវរសេនីយ៍ឯក ឡេ តឹកថាំង នាយរងសេនាធិការ បញ្ជាការដ្ឋានរដ្ឋធានីហាណូយនៃកងទ័ពប្រជាជនវៀតណាម ចូលជួបសម្តែងការគួរសម និងធ្វើទស្សនកិច្ចសិក្សា នៅបញ្ជាការដ្ឋានទ័ពពិសេសនៃកងទ័ពជើងគោក។
ក្នុងជំនួបនោះ ឧត្តមសេនីយ៍ត្រី មួន សាម៉េត បានសម្តែងក្តីសោមនស្សរីករីករាយចំពោះដំណើរទស្សនកិច្ចសិក្សារបស់ប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាម ហើយសង្ឃឹមថា ដំណើរទស្សនកិច្ចសិក្សានេះនឹងបង្កើនបន្ថែមនូវចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត។ ឧត្តមសេនីយ៍ត្រី មួន សាម៉េត បានជម្រាបជួនប្រតិភូពីប្រវត្តិ និងស្នាដៃដែលបញ្ជាការដ្ឋានទ័ពពិសេស សម្រេចបានក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ ដោយអនុវត្តតាមគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងគោរពតាមបទប្បញត្តិ បទបញ្ជា បទវិន័យទូទៅ លក្ខន្តិកៈរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បញ្ជាការដ្ឋានទ័ពពិសេស បានចូលរួមយ៉ាងសកម្ម ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារព្រះមហាក្សត្រ រដ្ឋធម្មនុញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីសុឆន្ទៈនៃការបោះឆ្នោតរបស់ប្រជាជន និងបានចូលរួមយ៉ាងសកម្មខ្លាំងក្លាក្នុងភារកិច្ចកសាងអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យព្រមទាំងបានសហការយ៉ាងជិតស្និតជាមួយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងការចូលរួមបង្ក្រាបនូវបទល្មើសនានា និងសង្គ្រោះប្រជាពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងជាយថាហេតុ។


ឧត្តមសេនីយ៍ត្រី មួន សាម៉េត បានជម្រាបជូនប្រតិភូអំពីកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយកងទ័ពប្រទេសទាំងពីរបានដំណើរការប្រកបដោយកិច្ចសហប្រតិបត្តិការ ទាំងការទូត និងវិស័យបណ្តុះបណ្តាលធនធានមនុស្ស។ ជាក់ស្តែងកន្លងទៅ បញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោកបានផ្លាស់ប្តូរទស្សនកិច្ច បានចំនួន០៨លើក ចាត់បញ្ជូនកម្មសិក្សាការីទៅសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចំនួន៣៥វគ្គ ស្មើនឹងចំនួន ៤៦៦នាក់ ធ្វើលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយ រួមគ្នាចំនួន០២លើក បញ្ជូននាយទាហានទៅបំប៉នសុខភាពចំនួន០៣លើក និងបានទទួលអំណោយពីកងទ័ពសាធារណរដ្ឋសង្គមនិយមវៀតណាម រួមមាន៖ អគារបណ្ណាល័យ អគារពហុសិក្សា និងសម្ភារការិយាល័យមួយចំនួនទៀត។

ក្រោយពីបានស្តាប់របាយការណ៍ស្វាគមន៍ និងទស្សនាភាពយន្តឯកសារការងាររយៈពេល៣០ឆ្នាំ របស់បញ្ជាការដ្ឋានទ័ពពិសេ កងទ័ពជើងគោក រួចមក វរសេនីយ៍ឯក ឡេ តឹកថាំង ជំនួសមុខសមាជិកប្រតិភូ បានថ្លែងនូវការលើកសរសើរ ចំពោះថ្នាក់ដឹកនាំ បញ្ជាការដ្ឋានទ័ពពិសេស ក៏ដូចជានាយ និងពលទាហាន ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ ក្នុងការហ្វឹកហ្វឺនរៀនសូត្រ ក្រេបយកនូវគ្រប់ចំណេះជំនាញប្រកបដោយសមត្ថភាពខ្ពស់ ដែលជាជំហរដ៏រឹងមាំ ក្នុងកិច្ចការពារជាតិ ការពារបូរណភាពទឹកដីរបស់ខ្លួនបានគង់វង្ស។

វរសេនីយ៍ឯក ឡេ តឹកថាំង បានបញ្ជាក់ថា នេះជាលើកទី១ហើយដែលគណប្រតិភូយើងខ្ញុំបានមកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា តាមរយៈដំណើរទស្សនកិច្ចសិក្សានេះគឺជាការផ្លាស់ប្តូបទពិសោធន៍រវាងកងទ័ពប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការបន្តទៅថ្ងៃមុខ ហើយក៏ជាការបង្ហាញឱ្យនាយទាហានបន្តវេន បានឃើញនូវទំនាក់ទំនងដ៏ល្អប្រពៃ និងស្អិតរមួត រវាងកងទ័ព និងប្រជាជន នៃប្រទេសទាំងពីរកម្ពុជា វៀតណាម ហើយភាគីវៀតណាមនៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការជួយបណ្តុះបណ្តាលយោធិនលើជំនាញផ្សេងៗជារៀងរាល់ឆ្នាំ៕
ដោយ ណយ នឿន (ប្រភព៖ កងទ័ពជើងគោក)





