គណៈប្រតិភូបេឡារុស្សនឹងធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើងសម្រាប់ការចរចាសេដ្ឋកិច្ច
AKP ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ -- ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាងបានរាយការណ៍កាលពីថ្ងៃអង្គារថា គណៈប្រតិភូរដ្ឋាភិបាលមកពីប្រទេសបេឡារុស្សនឹងធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើងក្នុងសប្តាហ៍នេះសម្រាប់កិច្ចពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បាននិយាយថាគណៈប្រតិភូគ្រោងនឹងធ្វើទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាងពីថ្ងៃអង្គារដល់ថ្ងៃសុក្រ ដើម្បីរៀបចំកិច្ចប្រជុំនៃគណៈកម្មាធិការចម្រុះអន្តររដ្ឋាភិបាលសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
ដំណើរទស្សនកិច្ចនេះ ដឹកនាំដោយឧបនាយករដ្ឋមន្ត្រីបេឡារុស្សលោក យូរី ស៊ូឡីកូ (Yuri Shuleiko) ដែលធ្វើឡើងតាមសំណើរបស់ទីក្រុងព្យុងយ៉ាង។
អ្នកការទូតកំពូលនៃប្រទេសកូរ៉េខាងជើង និងបេឡារុស្សបានជួបប្រជុំនៅទីក្រុងព្យុងយ៉ាងក្នុងខែកក្កដា ឆ្នាំ២០២៤ ខណៈដែលប្រទេសទាំងពីរបាននឹងកំពុងពង្រឹងទំនាក់ទំនងយោធាជាមួយប្រទេសរុស្ស៊ី ចំពេលដែលទីក្រុងមូស្គូមានសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





