ប៉ូលិសឃាត់ខ្លួនអ្នករត់ពន្ធគ្រឿងញៀន ១៣នាក់នៅខេត្តណានហ្គារហារ ប្រទេសអាហ្វហ្គានីស្ថាន
AKP ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ -- ក្រសួងមហាផ្ទៃបានរាយការណ៍កាលពីថ្ងៃអង្គារថា ប៉ូលិសប្រឆាំងគ្រឿងញៀនអាហ្វហ្គានីស្ថានបានឃាត់ខ្លួនជនសង្ស័យរត់ពន្ធគ្រឿងញៀនចំនួន ១៣នាក់ និងរឹបអូសបានថ្នាំញៀនចំនួន ៥០គីឡូក្រាមនៅក្នុងខេត្តណានហ្គារហារ ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន។
របាយការណ៍បាននិយាយថា គ្រឿងញៀនដែលរួមបញ្ចូលទាំងគ្រាប់និងថ្នាំរំញោចត្រូវបានរឹបអូសក្នុងអំឡុងពេលប្រតិបត្តិការរកឃើញជាបន្តបន្ទាប់ដែលធ្វើឡើងដោយប៉ូលិសកាលពីសប្តាហ៍មុននៅឯជាយខេត្ត។
ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ប៉ូលិសបានប្រមូលអ្នកប្រើប្រាស់គ្រឿងញៀនចំនួន ៤០នាក់ក្នុងខេត្តបាល់ខ៍ ខេត្តប៉ាន់ស៊ារ ខេត្តប៉ាវ៉ាន់ និងខេត្តហ្គាហ្សនី ហើយបានបញ្ជូនពួកគេទៅមណ្ឌលស្តារនីតិសម្បទាដើម្បីព្យាបាល។
លើសពីនេះ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ប៉ូលិសបានចាប់ខ្លួនមនុស្សចំនួន ២៣នាក់ក្រោមបទចោទប្រកាន់ថា ជាប់ពាក់ព័ន្ធក្នុងសកម្មភាពឧក្រិដ្ឋ រួមទាំងចោរកម្ម និងចាប់ជំរិតនៅក្នុងខេត្តចំនួន ៩។
រដ្ឋាភិបាលបណ្តោះអាសន្នរបស់អាហ្វហ្គានីស្ថានបានប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ ការផលិតគ្រឿងញៀន និងការជួញដូរនៅទូទាំងប្រទេស៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





