នាយករដ្ឋមន្ត្រីប៉ាគីស្ថាន និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ពិភាក្សាអំពីស្ថានភាពសន្តិសុខនៅតំបន់អាស៊ីខាងត្បូង
AKP ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក សេហ៍បាហ្ស សារីហ្វ (Shehbaz Sharif) បានជួបពិភាក្សាតាមទូរស័ព្ទជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក អានតូញ៉ូ ហ្គូធឺរេស (Antonio Guterres) ដើម្បីពិភាក្សាអំពីស្ថានភាពសន្តិសុខដែលកំពុងកើតមាននៅក្នុងតំបន់អាស៊ីខាងត្បូង។
យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្ត្រីបានឱ្យដឹងថា ក្នុងអំឡុងពេលសន្ទនា លោក សារីហ្វ បានកោតសរសើរចំពោះការបន្តការចូលរួម និងកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ហើយបានស្វាគមន៍ការអំពាវនាវរបស់លោកឱ្យបន្ថយការកើនឡើង ក៏ដូចជាជៀសវាងការប្រឈមមុខដាក់គ្នាណាមួយ។
នាយករដ្ឋមន្ត្រីប៉ាគីស្ថានបានសម្តែងការព្រួយបារម្ភអំពី «វោហាសាស្ត្របង្កហេតុ និងការបង្កសង្គ្រាម» របស់ប្រទេសឥណ្ឌា។ លោកបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ប្រទេសប៉ាគីស្ថានក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។
ចំណែកឯលោក ហ្គូធឺរេស បានពន្យល់ប្រាប់លោក សារីហ្វ អំពីកិច្ចខិតខំប្រឹងប្រែងរបស់លោកដើម្បីសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ដោយលោកបានបង្ហាញពីការប្តេជ្ញាចិត្តរបស់លោកក្នុងការបន្តចូលរួមជាមួយកិច្ចពិភាក្សាលើបញ្ហានេះ។ នេះជាការសន្ទនាតាមទូរស័ព្ទលើកទីពីររវាងអ្នកទាំងពីរក្នុងរយៈពេលមួយសប្តាហ៍។
ភាពតានតឹងរវាងប្រទេសឥណ្ឌា និងប៉ាគីស្ថានបានកើនឡើងបន្ទាប់ពីមានការវាយប្រហារយ៉ាងសាហាវទៅលើអ្នកទេសចរនៅស្រុកប៉ាហាលហ្គាម ក្នុងតំបន់កាស្មៀ ដែលគ្រប់គ្រងដោយប្រទេសឥណ្ឌាកាលពីថ្ងៃទី២២ខែមេសា៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





