គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃអាលុយ មីញ៉ូមចំនួន២ គ្រោងនិងបើកដំណើរការនៅពេលខាងមុខ ខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥--
ព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោ បល់ជាសាធារណៈសម្រាប់ថ្នាក់ខេត្ត ស្តីពីលទ្ធផលបឋមនៃសេចក្តីព្រាងរបាយការណ៍សិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញលើ គម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម និងផលិតគ្រឿងបន្ទាប់បន្សំបន្ទះសូឡារបស់ក្រុមហ៊ុន អាលូវុលថេក អ៊ិនដាសស្មៀល ឯ.ក និងគម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូមរបស់ក្រុមហ៊ុន ខេមបូឌាន គូណា ញូអេនើជី ឯ.ក ដែលមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលនឹងស្រូបយកកម្លាំងពលកម្មសរុបប្រមាណ ៩៩០កន្លែង។

ការអនុវត្តគម្រោងទាំង២ខាងលើនេះត្រូវបានរំពឹងថា នឹងផ្ដល់ជាប្រយោជន៍សំខាន់ៗនៅដំណាក់កាលសាងសង់ និងដំណាក់កាលអនុវត្តដូចជា៖ ការបង្កើតការងារជូនប្រជាពលរដ្ឋ, ការពង្រឹងជំនាញបច្ចេកទេសរបស់បុគ្គលិក កម្មករ, ការបង្កបរិយាកាសវិជ្ជមានសម្រាប់វិនិយោគិន, និងការជួយពង្រឹងដល់សេដ្ឋកិច្ចនៅក្នុងមូលដ្ឋានផងដែរ។


លោក អភិបាលរងខេត្តព្រះសីហនុ បានណែនាំឱ្យម្ចាស់គម្រោងធ្វើយ៉ាងណាគ្រប់គ្រង និងកាត់ បន្ថយផលប៉ះពាល់បរិស្ថាន និងសង្គមមកនៅត្រឹមកម្រិតអប្បបរមាដោយប្រើប្រាស់ធនធានទាំងអស់ដែលមាននៅក្នុងខេត្ត ក៏ដូចជាយកអ្នកបច្ចេកទេស និងកម្លាំងពលកម្មក្នុងស្រុកមកប្រើប្រាស់ឱ្យអស់លទ្ធភាព។ ដោយឡែកក្រុមហ៊ុនប្រឹក្សាយោបល់ត្រូវប្រមូលយកធាតុចូលដែលបានលើកឡើងដោយមន្ទីរ-អង្គភាពដាក់ចូលក្នុងរបាយការណ៍ឱ្យបានត្រឹមត្រូវ។


លទ្ធផលនៃកិច្ចប្រជុំ ស្របជាមួយនឹងការគាំទ្រចំពោះគម្រោងនេះ តំណាងមន្ទីរ អង្គភាព និងស្ថាប័នទាំងអស់បានចូលរួមបញ្ចេញជាមតិយោបល់ និងវិធានការការពារទៅតាមជំនាញរៀងៗខ្លួន ធ្វើយ៉ាងណាឱ្យគម្រោងបង្កើតរោងចក្រដំណើរការទៅមុខ ដោយធ្វើយ៉ាងណាកាត់បន្តផលប៉ះពាល់ឱ្យមានកម្រិតតិចតួចបំផុត ដើម្បីរួមគ្នាការពារបរិស្ថាន និងឧស្មនការបូនិក ៕

ដោយ៖ ងូ សុមុនី





