កុមារជាង ១៦.០០០នាក់ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សា ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម
AKP ភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ -- អាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សាបានរាយការណ៍កាលពីថ្ងៃចន្ទថា កុមារជាង១៦.០០០នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីការចាប់ផ្តើមនៃការវាយប្រហាររបស់យោធាអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលាឆ្នាំ២០២៣ ក្នុងអត្រាកុមារម្នាក់រៀងរាល់ ៤០នាទីម្តង។
លោក ម៉ារវ៉ាន់ អាល់ ហាមស៍ (Marwan al-Hams) ប្រធានមន្ទីរពេទ្យក្នុងតំបន់ជាមួយអាជ្ញាធរសុខាភិបាលតំបន់ហ្គាហ្សា បាននិយាយថា ចំនួនអ្នកស្លាប់រួមមានកុមារចំនួន ១៦.២៧៨នាក់ក្នុងនោះមានទារកចំនួន ៩០៨នាក់ និងទារកទើបនឹងកើតចំនួន ៣១១នាក់ដែលបានស្លាប់ក្រោយពេលកើត។ លោកអាល់ ហាមស៍ បានធ្វើសេចក្តីថ្លែងការណ៍នេះក្នុងអំឡុងពេលសន្និសីទសារព័ត៌មាននៅឯមជ្ឈមណ្ឌល Nasser Medical Complex ក្នុងទីក្រុងខាន់យូនីស ភាគខាងត្បូងតំបន់ហ្គាហ្សា ។
លោកបានគូសបញ្ជាក់ថា ស្ថានភាពមនុស្សធម៌កាន់តែអាក្រក់ទៅៗចាប់តាំងពីអ៊ីស្រាអែលបានបិទច្រកឆ្លងកាត់នៅដើមខែមីនា ដោយរំខានដល់សេវាថែទាំសុខភាពសំខាន់ៗ។ ប្រការនេះបានធ្វើឱ្យកុមារ និងស្ត្រីមានផ្ទៃពោះរាប់ពាន់នាក់មិនអាចទទួលបានការថែទាំសុខភាពដែលធ្វើឱ្យវិបត្តិកាន់តែធ្ងន់ធ្ងរឡើង។
លោកបាននិយាយថា កុមារជាច្រើនកំពុងរស់រានមានជីវិតដោយគ្មានអាហារពេញលេញក្នុងមួយថ្ងៃ ជាមួយនឹងលទ្ធភាពទទួលបានទឹកស្អាត និងអាហាររូបត្ថម្ភមានកម្រិត ដោយសារតែអ៊ីស្រាអែលកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធ និងការបដិសេធជំនួយ។
នៅក្នុងការអភិវឌ្ឍដាច់ដោយឡែកមួយ អ្នកនាំពាក្យការពារជនស៊ីវិលរបស់តំបន់ហ្គាហ្សា លោក ម៉ាហ៍មូដ បាសាល់ (Mahmoud Basal) បានរាយការណ៍ថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ៥៤នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃចន្ទ ដែលបានកំណត់គោលដៅលើផ្ទះ យានយន្ត និងការប្រមូលផ្តុំនៅទូទាំងផ្នែកផ្សេងៗនៃតំបន់ហ្គាហ្សា។
ជនជាតិប៉ាឡេស្ទីនជាង ៥២.០០០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលចាប់តាំងពីខែតុលា ឆ្នាំ២០២៣ រួមទាំងប្រហែល ២.៥០០នាក់ដែលបានស្លាប់ចាប់តាំងពីអ៊ីស្រាអែលបានបន្តការវាយប្រហាររបស់ខ្លួនលើតំបន់ហ្គាហ្សានៅថ្ងៃទី១៨ ខែមីនា ដែលជាការបញ្ចប់បទឈប់បាញ់រយៈពេលពីរខែ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





