សាធារណរដ្ឋឆេកនឹងបន្តបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីឆេក លោកផេទឺ ហ្វៀឡា (Petr Fiala) បានប្រកាសកាលពីថ្ងៃចន្ទថា សាធារណរដ្ឋឆេកនឹងបន្តបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែន ផ្គត់ផ្គង់គ្រាប់រំសេវ និងឧបករណ៍ធុនធ្ងន់ដល់ប្រទេសនេះ។
លោក ហ្វៀឡា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបន្ទាប់ពីបានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) ដែលបានមកទស្សនកិច្ចថា «ថ្ងៃនេះ យើងបានយល់ព្រមផ្តោតការយកចិត្តទុកដាក់រួមជាមួយនឹងដៃគូនៅក្នុងសម្ព័ន្ធដែលមានឆន្ទៈក្នុងការបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែននៅក្នុងយន្តហោះ L-39 និង F-16 នៅសាធារណរដ្ឋឆេក។អ៊ុយក្រែនកំពុងហ្វឹកហាត់ឧទ្ធម្ភាគចក្រ និងអ្នកបើកយន្តហោះចម្បាំងពីប្រទេសឆេករួចហើយ»។
លោក ហ្វៀឡា បានកត់សម្គាល់ថា ចាប់តាំងពីដើមឆ្នាំមក គ្រាប់រំសេវទំហំធំកន្លះលានគ្រាប់ត្រូវបានបញ្ជូនទៅអ៊ុយក្រែន។
កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីឆេក លោក ផេទឺ ប៉ាវែល (Petr Pavel) បាននិយាយថា អ៊ុយក្រែនអាចទទួលបានគ្រាប់រំសេវទំហំធំដល់ទៅ១,៨លានគ្រាប់នៅចុងឆ្នាំនេះ ប្រសិនបើអ្វីៗដំណើរការដូចការព្រមព្រៀងគ្នា។ កាលពីឆ្នាំមុន សាធារណរដ្ឋឆេកបានប្រគល់អាវុធធុនធំប្រមាណ១,៥លានគ្រឿងទៅឱ្យអ៊ុយក្រែន។ ភាគីទាំងពីរក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផងដែរ។
លោក ហ្វៀឡា បាននិយាយថា ក្រុមហ៊ុន «Skoda Transportation និងក្រុមហ៊ុនផ្សេងទៀតកំពុងរៀបចំផែនការផ្គត់ផ្គង់ក្នុងវិស័យដឹកជញ្ជូន។យើងបាននិយាយអំពីលទ្ធភាពនៃការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលនុយក្លេអ៊ែរ។ ក្រុមហ៊ុនឆេកបានត្រៀមខ្លួនជាស្រេចដើម្បីដើរតួនាទីយ៉ាងសកម្មក្នុងការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ»៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





