ចិន និងហ្គាបុងសន្យាជំរុញកិច្ចសហប្រតិបត្តិការ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ -- លោក មូ ហុង (Mu Hong)បេសកជនពិសេសរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping)បាននិយាយថា ប្រទេសចិនវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសហ្គាបុង ហើយមានឆន្ទៈក្នុងការធ្វើការរួមគ្នាដើម្បីលើកកម្ពស់ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។
តបតាមការអញ្ជើញរបស់ប្រធានាធិបតីហ្គាបុង លោក ប្រាយ ក្លូទែរ អូលីហ្គុយ ងូអេម៉ា (Brice Clotaire Oligui Nguema) លោក មូ ដែលជាអនុប្រធានគណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិនបានចូលរួមពិធីចូលកាន់ដំណែងរបស់លោក ងូអេម៉ា នៅទីក្រុងលីប្រេវីល(Libreville) រដ្ឋធានីហ្គាបុង ។
លោក មូ បានពាំនាំនូវការសួរសុខទុក្ខយ៉ាងកក់ក្តៅរបស់លោក ស៊ី និងជូនពរដល់លោក ងូអេម៉ា ដោយនិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសហ្គាបុងដើម្បីរក្សាមិត្តភាពប្រពៃណីរបស់ពួកគេ បង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមកតាមរយៈសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ហើយរួមគ្នាបោះជំហានទៅមុខតាមរយៈផលប្រយោជន៍ទៅវិញទៅមកនិងលទ្ធផលឈ្នះ-ឈ្នះ។
លោក ងូអេម៉ា បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះប្រធានាធិបតីចិនដែលបានបញ្ជូនបេសកជនពិសេសមួយរូបមកចូលរួមពិធីចូលកាន់ដំណែងរបស់លោក ហើយបានស្នើឱ្យលោក មូ ថ្លែងនូវក្តីនឹករលឹកដ៏ស្មោះស្ម័គ្ររបស់លោក និងជូនពរដល់លោក ស៊ី។
លោកបាននិយាយថា ប្រទេសហ្គាបុងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពប្រពៃណីរបស់ខ្លួនជាមួយប្រទេសចិន ហើយនឹងបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ ធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយប្រទេសចិនក្នុងវិស័យផ្សេងៗ និងជំរុញការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរីកចម្រើន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





