ជនជាតិប៉ាឡេស្ទីន ១០នាក់ទៀតត្រូវបានដោះលែងពីការឃុំឃាំងរបស់អ៊ីស្រាអែល
AKP ភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ -- កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃចន្ទបានដោះលែងជនជាតិប៉ាឡេស្ទីនចំនួន ១០នាក់ទៀតចេញពីតំបន់ហ្គាហ្សាស្ទ្រីប ដែលត្រូវបានឃុំខ្លួនក្នុងអំឡុងពេលសង្គ្រាមប្រល័យពូជសាសន៍អ៊ីស្រាអែល។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមអ្នកទោសដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បាននិយាយថា ជនជាតិប៉ាឡេស្ទីនទាំង ១០នាក់ដែលត្រូវបានដោះលែងនោះត្រូវបានផ្ទេរពីពន្ធនាគារ Sde Teiman នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលទៅកាន់មន្ទីរពេទ្យ Al-Aqsa Martyrs ក្នុងទីក្រុង Deir al-Balah នៅភាគកណ្តាលតំបន់ហ្គាហ្សា។
ការិយាល័យនោះបាននិយាយថា ប្រជាជនប៉ាឡេស្ទីនដែលត្រូវបានដោះលែងនោះ គឺស្ថិតក្នុងស្ថានភាពសុខភាព «ធ្ងន់ធ្ងរ»។
យោងតាមអ្នករាយការណ៍របស់សារព័ត៌មានអាណាដូលូ បានឱ្យដឹងថាអ្នកជាប់ឃុំឃាំងប៉ាឡេស្ទីនទាំងនោះត្រូវបានដោះលែងនៅតំបន់ Kissufim ដែលគ្រប់គ្រងដោយអ៊ីស្រាអែល ហើយបានផ្ទេរទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យសុខភាពតាមរថយន្តរបស់គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម(ICRC)។
មិនមានការអត្ថាធិប្បាយភ្លាមៗពីកងទ័ពអ៊ីស្រាអែលចំពោះការចេញផ្សាយនេះទេ។
កងទ័ពអ៊ីស្រាអែលបានដោះលែងជនជាតិប៉ាឡេស្ទីនរាប់សិបនាក់ចេញពីតំបន់ហ្គាហ្សាក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដោយមិនមានការសម្របសម្រួល ឬកិច្ចព្រមព្រៀងណាមួយជាមុនជាមួយភាគីប៉ាឡេស្ទីនឡើយ។
មិនមានតួលេខពិតប្រាកដអំពីជនជាតិប៉ាឡេស្ទីនដែលត្រូវបានឃុំឃាំងដោយអ៊ីស្រាអែលនោះទេ ប៉ុន្តែការប៉ាន់ប្រមាណបានបង្ហាញថា អាចមានចំនួនដល់ទៅរាប់ពាន់នាក់។
ជនជាតិប៉ាឡេស្ទីនជាង ៥២.៥០០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សាដោយសារការវាយលុកដ៏ឃោរឃៅរបស់អ៊ីស្រាអែលចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក។
កាលពីខែវិច្ឆិកាឆ្នាំមុន តុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ(Benjamin Netanyahu) និងអតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ូវ ហ្គាល់លេនត៍ (Yoav Gallant) ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងតំបន់ហ្គាហ្សា៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





