កូរ៉េខាងត្បូងប្រឈមមុខនឹងវិបត្តិសុខភាពផ្លូវចិត្ត ខណៈដែលចំនួនកុមារទៅពិនិត្យសុខភាពផ្លូវចិត្តមានការកើនឡើង
AKP ភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ --ខណៈដែលប្រទេសកូរ៉េខាងត្បូងនឹងប្រារព្ធទិវាកុមារអន្តរជាតិ ទិន្នន័យថ្មីបានបង្ហាញពីការកើនឡើងគួរឱ្យព្រួយបារម្ភនៃចំនួនកុមារដែលកំពុងស្វែងរកការថែទាំផ្នែកសុខភាពផ្លូវចិត្ត ជាមួយនឹងការទៅពិនិត្យមានការកើនឡើងទ្វេដងក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ ដោយសារតែលក្ខខណ្ឌមួយចំនួន ដូចជាជំងឺបាក់ទឹកចិត្ត និងជំងឺថប់បារម្ភជាដើម។
យោងតាមទិន្នន័យដែលដាក់ជូនដោយសេវាពិនិត្យ និងវាយតម្លៃការធានារ៉ាប់រងសុខភាពដល់តំណាងរាស្រ្ត លោក ជីន ស៊ុនមី (Jin Sun-mi)នៃគណៈកម្មាធិការអប់រំនៃរដ្ឋសភា បានឱ្យដឹងថា អ្នកជំងឺចំនួន២៧០.៦២៥នាក់ដែលមានអាយុក្រោម ១៨ឆ្នាំបានទៅគ្លីនិកសុខភាពផ្លូវចិត្តនៅចន្លោះខែមករាដល់ខែវិច្ឆិកាឆ្នាំមុន។ តួលេខនេះ គឺច្រើនជាងទ្វេដងនៃចំនួន ១៣៣.២៣៥នាក់កាលពីក្នុងឆ្នាំ២០២០។
ចំនួនកុមារដែលមានបញ្ហាសុខភាពផ្លូវចិត្តបានកើនឡើងយ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ដោយនៅក្នុងឆ្នាំ២០២១ មានចំនួន ១៧២.៤៤១នាក់ នៅក្នុងឆ្នា២០២២ មានចំនួន ២១២.៤៥១នាក់ និងនៅក្នុងឆ្នាំ២០២៣ មានចំនួន ២៤៤.៨៨៤នាក់ ជាមួយនឹងអត្រាកំណើនជាមធ្យមប្រចាំឆ្នាំ ១៩,៤%។
ការកើនឡើងខ្លាំងបំផុតបានកើតឡើងក្នុងចំណោមកុមារដែលមានអាយុពី ៧ឆ្នាំ ទៅ ១២ឆ្នាំ ដែលជាក្រុមអាយុធម្មតាសម្រាប់សិស្សសាលាបឋមសិក្សា។ ក្នុងចំណោមក្មេងប្រុសក្នុងជួរអាយុនេះ ចំនួនអ្នកដែលមានបញ្ហាសុខភាពផ្លូវចិត្តបានកើនឡើងពី ៣៣.៨០០នាក់នៅក្នុងឆ្នាំ២០២០ ដល់៧៦.១៥៩នាក់នៅក្នុងឆ្នាំ២០២៤ ដែលជាការកើនឡើងចំនួន ២,៣ដង។ ចំនួនក្មេងស្រីក៏បានកើនឡើងទ្វេដងផងដែរ ពីចំនួន ១២.២៦០នាក់ ដល់២៩.១៦៥នាក់។
និន្នាការស្រដៀងគ្នានេះត្រូវបានគេសង្កេតឃើញនៅក្នុងក្រុមអាយុផ្សេងៗទៀត ដោយក្នុងចំណោមនោះ មានក្រុមកុមារដែលមានអាយុពី ០ឆ្នាំទៅ ៦ឆ្នាំ ដោយក្មេងប្រុសដែលមានបញ្ហាសុខភាពផ្លូវចិត្តបានកើនឡើងពី១២.៧០៧នាក់ ដល់ ១៩.៥០៥នាក់ ហើយក្មេងស្រីបានកើនឡើងពី៥.២៣១នាក់ ទៅដល់ ៧.៧៦៣នាក់ ហើយទាំងក្មេងប្រុស និងក្មេងស្រីបានកើនឡើង ១,៥ដង។ ក្នុងចំណោមមនុស្សវ័យជំទង់ដែលមានអាយុពី១៣ឆ្នាំ ទៅ ១៨ឆ្នាំ ចំនួនក្មេងប្រុសដែលមានបញ្ហាសុខភាពផ្លូវចិត្តបានកើនឡើងជិតទ្វេដង ពីចំនួន ៣៥.១៩៣នាក់ ដល់ ៦៦.៤៥៩នាក់ ខណៈដែលក្មេងស្រីបានកើនឡើងពី ៣៤.០៤៤នាក់ ដល់ ៧១.៥៧៤នាក់ដោយក្មេងទាំងពីរភេទបានកើនឡើង ២,១ដង៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





