កូរ៉េខាងជើងជំរុញការបោះជំហានចុងក្រោយនៃគម្រោងលំនៅដ្ឋានទីក្រុង
AKP ភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ -- ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសកូរ៉េខាងជើងកំពុងជំរុញទៅមុខជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ដំណាក់កាលចុងក្រោយនៃគម្រោងលំនៅដ្ឋានរយៈពេល ៥ឆ្នាំ ដើម្បីសាងសង់ផ្ទះចំនួន៥០.០០០ នៅទីក្រុងព្យុងយ៉ាងនៅត្រឹមចុងឆ្នាំនេះ។
យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានឱ្យដឹងថា ការសាងសង់រចនាសម្ព័ន្ធសម្រាប់អាផាតមិនចំនួន១០.០០០ នៅសង្កាត់វ៉ាសុង ក្នុងទីក្រុងព្យុងយ៉ាង កំពុងដំណើរការពេញលេញដែលជាផ្នែកមួយនៃគម្រោងលំនៅដ្ឋានដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ២០២១។
សារព័ត៌មាន KCNA បាននិយាយថា អង្គភាពយោធាពិសេសបានកែសម្រួលនីតិវិធីសាងសង់ដើម្បីកាត់បន្ថយពេលវេលាដែលត្រូវការសម្រាប់ការសាងសង់តាមក្របខ័ណ្ឌ ខណៈដែលមន្ត្រីមកពីក្រសួងសន្តិសុខសង្គមបានកែសម្រួលនូវអត្រាប្រតិបត្តិការឧបករណ៍។
សង្កាត់វ៉ាសុង នៅភាគឦសាននៃទីក្រុងព្យុងយ៉ាង រួមជាមួយនឹងសង្កាត់សុងវ៉ា ត្រូវបានបង្កើតឡើងថ្មីក្រោមផែនការរយៈពេល ៥ឆ្នាំដែលបង្ហាញដោយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un)កាលពីក្នុងឆ្នាំ២០២១ ដើម្បីសាងសង់លំនៅដ្ឋានចំនួន ១០.០០០បន្ទប់នៅក្នុងរដ្ឋធានីនេះជារៀងរាល់ឆ្នាំ។
ដំណាក់កាលទីមួយត្រូវបានបញ្ចប់នៅសង្កាត់សុងវ៉ានៅក្នុងឆ្នាំ២០២២បន្ទាប់មកមាន ៣០.០០០បន្ទប់ទៀតនៅក្នុងសង្កាត់វ៉ាសុងនៅក្នុងបីដំណាក់កាលរហូតដល់ខែមុន។ ប្រទេសនេះបានចាប់ផ្តើមគម្រោងដំណាក់កាលទីបួននៅក្នុងសង្កាត់វ៉ាសុងកាលពីក្នុងខែកុម្ភៈ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





