ហាងលក់រាយកំពូលៗរបស់ថៃបង្កើនការជួលកម្មករវ័យចំណាស់
AKP ភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ -- បណ្តាហាងលក់រាយធំៗរបស់ថៃកំពុងជួលមនុស្សវ័យចំណាស់ដែលមានអាយុលើសពី ៦០ឆ្នាំឡើងទៅ ដោយទទួលយកការងារដែលអាចបត់បែនបាន និងមានអត្ថប្រយោជន៍ដល់សុខុមាលភាពដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើម CSR របស់សង្គមវ័យចំណាស់។
នៅពេលដែលប្រទេសថៃផ្លាស់ប្តូរចូលទៅក្នុងសង្គមវ័យចំណាស់ បណ្តាហាងលក់រាយនាំមុខគេមួយចំនួនកំពុងបង្កើនការគាំទ្រដល់ប្រជាពលរដ្ឋដែលមានវ័យចំណាស់ ដោយការកែសម្រួលគោលនយោបាយការងាររបស់ពួកគេដើម្បីរួមបញ្ចូលនូវកម្មករដែលមានអាយុលើសពី ៦០ឆ្នាំ។
នៅត្រឹមឆ្នាំ២០២៥ ប្រហែល ២០% នៃប្រជាជនថៃនឹងមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ។ តួលេខនេះត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៣០% ក្នុងទសវត្សរ៍ក្រោយ។ ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរផ្នែកប្រជាសាស្រ្តនេះ បណ្តាញលក់រាយធំៗរបស់ថៃ ដូចជាផ្សាយ Lotus's ផ្សារ Makro ផ្សារ Big C Supercentre និងផ្សារ CJ More កំពុងជ្រើសរើសបុគ្គលិកវ័យចំណាស់មួយចំនួនដែលចាប់ផ្តើមពីអាយុ ៥៥ឆ្នាំ។
កិច្ចខិតខំប្រឹងប្រែងជ្រើសរើសបុគ្គលិកទាំងនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គមសាជីវកម្ម (CSR) ដ៏ទូលំទូលាយដែលមានគោលបំណងដោះស្រាយបញ្ហាប្រឈមនៃប្រជាជនវ័យចំណាស់។ បណ្តាហាងលក់រាយនីមួយៗបានចាប់ផ្តើមកម្មវិធីរបស់ពួកគេដែលតម្រូវឱ្យជួលមនុស្សវ័យចំណាស់ក្នុងតួនាទីដែលត្រូវនឹងតម្រូវការ និងជំនាញរបស់ពួកគេ។
ផ្សារ Makro និងផ្សារ Lotus's ដែលមានសាខាជាង ២.៦០០កន្លែងនៅទូទាំងប្រទេសថៃ បានដាក់ចេញនូវយុទ្ធនាការ «អ្នកមានអាយុ ៦០ឆ្នាំនៅតែធ្វើការងារបានល្អ»។ គោលដៅរបស់ពួកគេ គឺផ្តល់ការងារដល់មនុស្សវ័យចំណាស់ និងជនងាយរងគ្រោះប្រមាណ ៤០០.០០០នាក់នៅត្រឹមឆ្នាំ២០៣០។
កម្មករដែលមានវ័យចំណាស់ចាប់ពី ៦០ឆ្នាំឡើងទៅ នឹងត្រូវបានជួលឱ្យធ្វើការងារជាអ្នកមើលស្តុក ជំនួយការថ្លឹងទំនិញ និងបុគ្គលិកបម្រើអតិថិជន។ មនុស្សចាស់អាចដាក់ពាក្យធ្វើការនៅតាមសាខាដែលនៅជិតផ្ទះរបស់ពួកគេ ជាមួយនឹងម៉ោងការងារដែលអាចបត់បែនបាន និងប្រាក់ឈ្នួលមិនទាបជាងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃ។ ពួកគេក៏នឹងទទួលបានអត្ថប្រយោជន៍សុខុមាលភាព ដែលរួមមានទាំងការធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្រ និងការពិនិត្យសុខភាពប្រចាំឆ្នាំផងដែរ។
ផ្សារ CJ More ដែលប្រតិបត្តិការជាង ១.០០០សាខានៅទូទាំង ៤៥ខេត្ត បានចាប់ផ្តើមគោលនយោបាយ «មនុស្សវ័យចំណាស់ គឺជាវ័យដ៏ល្អរបស់ CJ» ដោយស្វាគមន៍បេក្ខភាពដែលមានអាយុចាប់ពី ៥៥ឆ្នាំឡើងទៅដើម្បីចូលធ្វើការងារនៅក្នុងហាងកាហ្វេ Bao និងនៅតាមផ្សារ CJ More របស់ខ្លួន។
បុគ្គលិកវ័យចំណាស់ទាំងនោះនឹងត្រូវបានជួលជាបុគ្គលិកក្រៅម៉ោងជាមួយនឹងកាលវិភាគដែលអាចបត់បែនបាន។ ពួកគេអាចធ្វើការងារយ៉ាងហោចណាស់ពីរថ្ងៃក្នុងមួយសប្តាហ៍ដោយទទួលបាន ៥០បាត (១,៥១ដុល្លារអាម៉េរិក) ក្នុងមួយម៉ោង។ អត្ថប្រយោជន៍រួមមាន មូលនិធិឧបត្ថម្ភ ការពិនិត្យសុខភាពប្រចាំឆ្នាំ និងការធានារ៉ាប់រងអាយុជីវិត៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





