អាស៊ាននឹងពិនិត្យមើលទៅលើសក្តានុពលថាមពលនុយក្លេអ៊ែរជាប្រភពថាមពលស្អាត និងប្រកបដោយស្ថិរភាព
AKP ភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ -- បណ្តាប្រទេសនៅអាស៊ានកំពុងពិនិត្យមើលការរំពឹងទុកនៃថាមពលនុយក្លេអ៊ែរជាប្រភពថាមពលស្អាត និងប្រកបដោយស្ថិរភាព ជាមួយនឹងសក្តានុពលក្នុងការជំនួសឥន្ធនៈហ្វូស៊ីលដែលជាប្រភពនៃការបង្កើតថាមពល ដោយផ្អែកលើ និងគាំទ្ររបៀបវារៈនៃការផ្លាស់ប្តូរថាមពលក្នុងតំបន់។
នេះ គឺជាលទ្ធផលនៃកិច្ចប្រជុំបណ្តាញអនុវិស័យសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរលើកទី១៥ (NEC–SSN) និងកិច្ចប្រជុំពាក់ព័ន្ធដែលបានធ្វើឡើងចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
កិច្ចប្រជុំនោះត្រូវបានរៀបចំឡើងដោយក្រសួងផ្លាស់ប្តូរថាមពល និងការផ្លាស់ប្តូរទឹក (PETRA) របស់ប្រទេសម៉ាឡេស៊ី។
ក្រសួង PETRA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃទី០១ ខែឧសភា ថា ក្នុងចំណោមប្រធានបទដែលបានពិភាក្សា គឺត្រូវបានស្នើឡើងដោយផ្តោតសំខាន់សម្រាប់ការបង្កើតយុទ្ធសាស្រ្ត និងផែនការសកម្មភាពដែលនឹងត្រូវបានអនុវត្តតាមរយៈវិស័យថាមពលនុយក្លេអ៊ែរស៊ីវិល (CNE) ក្រោមផែនការសកម្មភាពអាស៊ានសម្រាប់កិច្ចសហប្រតិបត្តិការថាមពល (APAEC) ឆ្នាំ២០២៦-២០៣០ ហើយនឹងត្រូវបានបង្ហាញ និងពិចារណាក្នុងកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ថាមពលអាស៊ាន នៅក្នុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅទីក្រុងគុជីង ខេត្តសារ៉ាវ៉ាក់ ប្រទេសម៉ាឡេស៊ី។
ជាមួយគ្នានេះដែរ កិច្ចប្រជុំនោះក៏បានវាយតម្លៃទៅលើបញ្ជីសកម្មភាពដែលមានសក្តានុពលដែលអាចអនុវត្តបានក្រោមវិស័យ CNE ដែលអាចកំណត់គោលដៅក្រោមផែនការ APAEC ឆ្នាំ២០២៦-២០៣០ ផងដែរ។
កិច្ចពិភាក្សាក៏ត្រូវបានធ្វើឡើងជាមួយដៃគូសន្ទនា និងអង្គការអន្តរជាតិមួយចំនួន ដូចជាសន្តិសុខនុយក្លេអ៊ែរកូរ៉េ ទីភ្នាក់ងារថាមពលអាតូមិកជប៉ុន និងមជ្ឈមណ្ឌលសកលលោកសម្រាប់ភាពជាដៃគូថាមពលនុយក្លេអ៊ែរ ដែលនឹងជួយដល់អាស៊ានអភិវឌ្ឍទេសភាពនុយក្លេអ៊ែរនៅក្នុងតំបន់ផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





