លោក ពូទីន៖ រុស្ស៊ីអាចបញ្ចប់ដោយជោគជ័យនូវប្រតិបត្តិការពិសេសដោយមិនប្រើអាវុធនុយក្លេអ៊ែរ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ -- ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយនៅក្នុងកិច្ចសន្ទនាមួយជាមួយអ្នកកាសែត ប៉ាវែល ហ្សារូប៊ីន (Pavel Zarubin) ថា រុស្ស៊ីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបញ្ចប់ប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនដោយជោគជ័យដោយមិនចាំបាច់ប្រើអាវុធនុយក្លេអ៊ែរ។
ប្រមុខរដ្ឋរុស្ស៊ីរូបនេះបាននិយាយថា «ពួកគេចង់ញុះញង់យើង និងចង់ឱ្យយើងធ្វើខុស»។ លោកបាននិយាយបន្ថែមថា «ហើយយើងមិនចាំបាច់ប្រើអាវុធដែលអ្នកបានលើកឡើងនោះទេ។ ខ្ញុំសង្ឃឹមថាវានឹងមិនចាំបាច់ទេ»។
លោកប្រធានាធិបតីបានសន្និដ្ឋានថា «យើងមានសមត្ថភាព និងមធ្យោបាយគ្រប់គ្រាន់ដើម្បីបញ្ចប់នូវអ្វីដែលយើងបានចាប់ផ្តើមនៅក្នុងឆ្នាំ២០២២ ជាមួយនឹងលទ្ធផលដែលរុស្ស៊ីចង់បាន»។
រុស្ស៊ីបានបញ្ជាក់ម្តងហើយម្តងទៀតនូវគោលជំហររបស់ខ្លួនថា ការប្រើប្រាស់អាវុធនុយក្លេអ៊ែរនឹងជាជម្រើសចុងក្រោយរបស់ខ្លួន។ នៅក្នុងខែវិច្ឆិកា លោក ពូទីន បានអនុម័តទៅលើគោលលទ្ធិនុយក្លេអ៊ែរដែលបានធ្វើបច្ចុប្បន្នភាពរបស់រុស្ស៊ី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





