គណបក្សសកម្មភាពប្រជាជនដែលកំពុងកាន់អំណាចរបស់ប្រទេសសិង្ហបុរីឈ្នះការបោះឆ្នោតជាសកល
AKP ភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ -- គណបក្សសកម្មភាពប្រជាជនសិង្ហបុរី (PAP) ទទួលបានអាណត្តិកាន់តែរឹងមាំនៅក្នុងការបោះឆ្នោតជាសកលកាលពីថ្ងៃទី០៣ ខែឧសភា ដោយបញ្ជាក់ឡើងវិញនូវគោលជំហររបស់ខ្លួនជាគណបក្សកាន់អំណាចអស់រយៈពេលជាង ៦ទសវត្សរ៍ជាប់ៗគ្នា។ នេះបើយោងតាមលទ្ធផលផ្លូវការដែលចេញផ្សាយកាលពីព្រឹកថ្ងៃទី០៤ ខែឧសភា។
គណបក្ស PAP ទទួលបាន ៨៧អាសនៈក្នុងចំណោម ៩៧អាសនៈនៅក្នុងសភា ខណៈដែលគណបក្សកម្មករ (WP) ដែលជាគណបក្សប្រឆាំងរក្សាបាន ១០អាសនៈរបស់ខ្លួន។
គណបក្ស PAP ក៏បានបង្កើនចំនួននៃការបោះឆ្នោតរបស់ខ្លួនដល់ ៦៥,៥៧% ដែលកើនឡើងពី ៦១,២៤% នៅក្នុងការបោះឆ្នោតឆ្នាំ២០២០ ផងដែរ។
ការបោះឆ្នោតនៅក្នុងឆ្នាំនេះ គឺគួរឱ្យកត់សម្គាល់ជាពិសេស ព្រោះវាបានកត់សម្គាល់ជាលើកដំបូងដែលលោកនាយករដ្ឋមន្ត្រី ឡរេនស៍ វ៉ុង (Lawrence Wong) បានដឹកនាំគណបក្ស PAP ទៅក្នុងការបោះឆ្នោតជាសកលបន្ទាប់ពីការស្នងតំណែងពីលោក លី សៀនឡុង (Lee Hsien Loong) កាលពីក្នុងខែឧសភា ឆ្នាំ២០២៤ កន្លងមក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





