ម៉ាឡេស៊ីគ្រោងបណ្តុះបណ្តាលសន្តិសុខដោយចម្លងតាមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦
AKP ភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ -- ការបណ្តុះបណ្តាលសន្តិសុខ និងការចម្លងតាមមុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុងគូឡាឡាំពួខាងមុខនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី៥-៧ ខែឧសភា ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៦:០០ល្ងាច (ម៉ោងក្នុងស្រុក)។
ទីភ្នាក់ងារសារព័ត៌មានជាតិ Bernama របស់ប្រទេសម៉ាឡេស៊ី បានដកស្រង់សម្តីអគ្គនាយករងនៃក្រុមប្រឹក្សាសន្តិសុខជាតិ លោក បាហារូដឌីន អាម៉ាដ (Baharuddin Ahmad) ដែលបាននិយាយថា ការបណ្តុះបណ្តាលនេះ គឺដើម្បីធានាសុវត្ថិភាពរបស់បណ្តាមេដឹកនាំអន្តរជាតិ និងភ្ញៀវក្នុងកម្រិតខ្ពស់បំផុត បន្ថែមពីលើការសាកល្បងការត្រៀមខ្លួនរបស់កងកម្លាំងសន្តិសុខរបស់ប្រទេសម៉ាឡេស៊ី។
លោកបាននិយាយថា មានការសម្តែងមួយចំនួនសម្រាប់ការវាយឆ្មក់ ហើយនៅពេលដែលការហ្វឹកហ្វឺននេះប្រព្រឹត្តទៅ នឹងមានផ្លូវមួយ ឬពីរត្រូវបានបិទ ហើយវានឹងមានការចូលរួមពីគ្រឿងចក្រជាច្រើន ដូចជាកងទ័ពរបស់អង្គភាពបម្រុងសហព័ន្ធ (FRU) ជាដើម។
យោងតាមលោក បានឱ្យដឹងថា ការរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ាននេះ មានភ្នាក់ងារជាង១៣ ដែលរួមមានទាំងប៉ូលិសម៉ាឡេស៊ី កងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី នាយកដ្ឋានពន្លត់អគ្គីភ័យ និងជួយសង្គ្រោះម៉ាឡេស៊ី ព្រមទាំងភ្នាក់ងារ និងក្រសួងផ្សេងៗទៀត។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ ត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ ដែលនឹងនាំមេដឹកនាំមកពីបណ្តាប្រទេសជាសមាជិកអាស៊ានទាំង១០ ដើម្បីពិភាក្សាគ្នាអំពីបញ្ហាក្នុងតំបន់ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងគោលការណ៍ប្រកបដោយបរិយាប័ន្ន និងចីរភាព៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





