ឯកឧត្តម ឌិត ទីណា សម្តែងការគាំទ្រយ៉ាងពេញទំហឹង និងជំរុញការការពារកម្មសិទ្ធិបញ្ញានៃផលិតផលកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥--
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង និងជំរុញការការពារកម្មសិទ្ធិបញ្ញានៃផលិតផលកម្ពុជា និងចូលរួមអភិវឌ្ឍ កែច្នៃ ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់។

ថ្លែងក្នុងទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៥ ក្រោមមូលបទ «កម្មសិទ្ធបញ្ញា និងតូរ្យតន្រ្តី»នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ដ្រីបានមានប្រសាសន៍ថា កម្មសិទ្ធិបញ្ញាមិនអាចកើតឡើងដោយឯកឯងនោះទេ ព្រោះទាមទារការវិនិយោគ និងការស្រាវជ្រាវពិតប្រាកដ ដើម្បីឈានទៅទទួលបានការទទួលស្គាល់ និងការការពារពីការលួចបន្លំ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ដ្រីបានថ្លែងអំណរគុណដល់ក្រសួងពាណិជ្ជកម្ម ដែលបានផ្ដួចផ្ដើមប្រារព្ធពិធីនេះឡើង ដើម្បីបញ្ជ្រាបការយល់ដឹងឱ្យកាន់តែច្បាស់បន្ថែមទៀតអំពីកម្មសិទ្ធិបញ្ញាជាសកល និងបានបញ្ជាក់បន្ថែមថា កម្មសិទ្ធិបញ្ញាក៏ជាការងារសំខាន់ដែលក្រសួងយកចិត្តទុកដាក់។ តាមរយៈទាមទារការចុះបញ្ជីកម្មសិទ្ធិបញ្ញាលើប្រភេទពូជដំណាំរបស់កម្ពុជា កសិផលកម្ពុជា មិនត្រឹមតែអាចទទួលបានតម្លៃបន្ថែមខ្ពស់ប៉ុនណោះទេ តែថែមទាំងអាចជួយជំរុញការកែច្នៃលើផលិតផលកសិកម្មបានផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ដែលបានចូលរួមគាំទ្រដល់កសិផលកម្ពុជា ដែលជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រកន្លងមក រួមមាន៖ ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ និងក្រូចថ្លុងកោះទ្រង់ជាដើម។

សូមជម្រាបជូនថា ទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៥ ក្រោមមូលបទ «កម្មសិទ្ធបញ្ញា និងតូរ្យតន្រ្តី» ទទួលបានការចូលរួមពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ជាគណៈអធិបតី នៅសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប៕
ដោយ៖ ដេប៉ូ




