ឯកឧត្តម គង់ ច័ន្ទវាសនា៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តក្នុងការបម្រើ និងដោះស្រាយរាល់ទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស
AKP បន្ទាយមានជ័យ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ -- ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍គន្លឹះសំខាន់ៗ ដោយបានលើកឡើងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលជានិច្ចកាលតែងតែគិតគូរ ក្នុងការបម្រើ និងដោះស្រាយរាល់ទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

ការលើកឡើងបែបនេះរបស់ឯកឧត្តម គង់ ច័ន្ទវាសនា បានធ្វើឡើងក្នុងវេទិកាសាធារណៈដ៏មានសារៈសំខាន់មួយត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅវត្តសម្បូរណ៍តាប៉ុន ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥នេះ ដែលមានលោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ ក៏បានអញ្ជើញចូលរួមយ៉ាងសកម្មក្នុងវេទិកាសាធារណៈនេះផងដែរ។ ព្រឹត្តិការណ៍នេះមានការចូលរួមពីសំណាក់ក្រុមការងារចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ សមាជិកក្រុមប្រឹក្សាស្រុក អភិបាលស្រុក ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ នាយកសាលា លោកគ្រូ-អ្នកគ្រូពេទ្យ និងបងប្អូនប្រជាពលរដ្ឋសរុបចំនួន ១៦២នាក់ ដែលបានបង្ហាញពីការយករាជចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍មូលដ្ឋាន។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានស្តាប់ដោយយកចិត្តទុកដាក់នូវសំណើសំណូមពរនានាដែលបានលើកឡើងដោយបងប្អូនប្រជាពលរដ្ឋ។ បញ្ហាដែលត្រូវបានលើកឡើងរួមមាន ការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធធារាសាស្រ្ត ការផ្គត់ផ្គង់ទឹកស្អាត បញ្ហាដីធ្លី និងការផ្តល់សេវាសុខាភិបាល និងអប់រំឱ្យកាន់តែប្រសើរឡើង។

បន្ទាប់ពីបានស្តាប់នូវសំណូមពរទាំងនោះរួចមក ឯកឧត្តមបានឆ្លើយតប និងធ្វើការដោះស្រាយជូនប្រជាពលរដ្ឋភ្លាមៗចំពោះបញ្ហាដែលអាចដោះស្រាយបាននៅនឹងកន្លែង។ ចំពោះបញ្ហាដែលត្រូវការការសិក្សាបន្ថែម និងមានលក្ខណៈស្មុគស្មាញ ឯកឧត្តមបានសន្យាថានឹងយកសំណើសំណូមពរទាំងនេះទៅពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយសមស្របជូនបងប្អូនប្រជាពលរដ្ឋឱ្យបានឆាប់បំផុត។
ជាមួយគ្នានោះដែរ ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះក៏ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែប្រសើរថែមទៀត។
ទន្ទឹមនោះដែរ លោកស្រី រស់ សុផានី បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្ត ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងាររាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។ វេទិកាសាធារណៈនេះបានបញ្ចប់ទៅក្នុងបរិយាកាសរីករាយ និងពោរពេញដោយក្តីសង្ឃឹម។
បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមបានសម្តែងនូវការពេញចិត្តចំពោះការយកចិត្តទុកដាក់ និងការឆ្លើយតបយ៉ាងរហ័សរបស់ឯកឧត្តម គង់ ច័ន្ទវាសនា និងលោកស្រី រស់ សុផានី ព្រមទាំងក្រុមការងារទាំងអស់។ ពួកគេបានបង្ហាញនូវជំនឿយ៉ាងមុតមាំថា រាល់បញ្ហា និងសំណូមពររបស់ពួកគេនឹងត្រូវបានអាជ្ញាធរយកចិត្តទុកដាក់ និងដោះស្រាយជាបន្តបន្ទាប់ ដើម្បីកសាងឃុំទឹកជោរ និងស្រុកព្រះនេត្រព្រះឱ្យកាន់តែរីកចម្រើនថែមទៀត៕
ដោយ ឈុន សារ៉ាត





