រដ្ឋបាលខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំសាមញ្ញលើកទី១១ អាណត្តិទី៤ របស់ក្រុមប្រឹក្សា
AKP កំពង់ឆ្នាំង ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ -- ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំសាមញ្ញលើកទី១១របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក ឈឹម វុទ្ធា អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានមន្ទីរ និងអភិបាលក្រុង ស្រុកទាំង៨ ចូលរួមផងដែរ។

ក្នុងឱកាសនោះ លោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង បានឡើងអានរបាយការណ៍គោលបំណងនៃកិច្ចប្រជុំ រួមមាន៖ ស្នើសុំអនុម័តលើសេចក្ដីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី១១។ ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១០។ ពិនិត្យ និងអនុម័ត លើសេចក្ដីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៥ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង។ ពិនិត្យ និងអនុម័តលើសេចក្ដីព្រាង សេចក្ដីសម្រេចស្ដីពីការទទួលស្គាល់ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត។ ពិនិត្យ និងអនុម័តលើសេចក្ដីព្រាង សេចក្ដីសម្រេចស្ដីពីការបង្កើតការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការលទ្ធកម្មរបស់រដ្ឋបាលខេត្ត។ ពិនិត្យ និងអនុម័តសេចក្ដីសម្រេចស្ដីពីការទទួលស្គាល់ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្ដី និងកុមារនៃរដ្ឋបាលខេត្ត។ ពិនិត្យ និងអនុម័តសេចក្ដីព្រាង សេចក្ដីសម្រេចស្ដីពីការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារជូនគណៈអភិបាលខេត្តកំពង់ឆ្នាំងផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានជំរុញដល់អាជ្ញាធរមូលដ្ឋានក្រុង ស្រុក និងកងកម្លាំងទាំងបីប្រភេទ និងមន្ទីរពាក់ព័ន្ធ ឱ្យបន្តខិតខំប្រឹងប្រែងចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន ជាពិសេសត្រូវបន្តសកម្មភាពបង្ក្រាប និងទប់ស្កាត់រាល់បទល្មើស ដែលកំពុងតែកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ និងត្រូវបន្តពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់តាមទីសាធារណ: និងនៅតាមមូលដ្ឋាន ដើម្បីទទួលបាននូវសុខសុវត្ថិភាពផ្សារភ្ជាប់ទៅនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ក្នុងបរិបទនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាបានបញ្ជាក់ពីសក្ខីភាពនៃសូចនាករសំខាន់ៗដែលកំពុងស្ថិតនៅក្នុងវឌ្ឍនភាព ហើយកត្តាគន្លឹះដែលនាំឱ្យសម្រេចបាននូវសមិទ្ធផលនានា គឺដោយសារមានការគាំទ្រយ៉ាងរឹងមាំពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងកិច្ចសហការគ្នាល្អពីអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធព្រមទាំងការចូលរួមពីសហគមន៍ និងដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ ដែលនាំឱ្យប្រទេសមានការអភិវឌ្ឍ៕
ដោយ បៃ ស៊ីថុន




