កិច្ចប្រជុំស្តីពីការត្រៀមរៀបចំមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥--
លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានកាយរិទ្ធិជាតិកម្ពុជា ព្រឹកថ្ងៃ២ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំស្តីពីការត្រៀមរៀបចំមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា ដែលមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជានឹងត្រូវរៀបចំឡើងដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត វិសោធនកម្មធម្មនុញ្ញកាយរឹទ្ធិជាតិកម្ពុជា បទបញ្ជាផ្ទៃក្នុង គោលនយោបាយ ផែនការយុទ្ធសាស្ត្រ ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិកាយរឹទ្ធិជាតិកម្ពុជា ព្រមទាំងភារកិច្ចផ្សេងៗទៀតតាមតម្រូវការចាំបាច់ ដោយគិតត្រឹមឆ្នាំ២០២៥នេះ កាយរឹទ្ធិជាតិកម្ពុជាបានរៀបចំធ្វើមហាសន្និបាតរបស់ខ្លួនចំនួន៤លើក និងមហាសន្និបាតវិសាមញ្ញចំនួន១លើក។

ដោយឡែកមហាសន្និបាតវិសាមញ្ញាកាយរឹទ្ធិជាតិកម្ពុជាសម្រាប់ឆ្នាំ២០២៥ គ្រោងនឹងធ្វើឡើងនៅពាក់កណ្តាលខែមិថុនាខាងមុខនេះ ហើយតាមរយៈកិច្ចប្រជុំស្តីពីការត្រៀមរៀបចំមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជានាពេលនេះ លោកជំទាវបណ្ឌិតរដ្ឋលេខាធិការប្រចាំការបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារដែលបានផ្តល់មតិយោបល់យ៉ាងផុសផុលទៅលើការងារនេះ ក៏ដូចជាបានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ឱ្យបន្តការងាររៀបចំកិច្ចប្រជុំខ្លឹមសារដោយឡែក ដើម្បីបន្តប្រមូលធាតុចូលបន្ថែមទៀត ក្នុងគោលដៅធានាបានថា ដំណើរការមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជានឹងប្រព្រឹត្តប្រកបដោយភាពរលូនល្អ និងជោគជ័យតាមការគ្រោងទុក ដោយមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជានឹងរៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)




