ស្ពានផ្លូវតភ្ជាប់កូរ៉េខាងជើង និងរុស្ស៊ី នឹងជួយជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
AKP ភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ -- ប្រទេសកូរ៉េខាងជើងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការសាងសង់ស្ពានផ្លូវតភ្ជាប់កូរ៉េខាងជើងនិងរុស្ស៊ីឆ្លងកាត់ទន្លេ Tumen នឹងផ្តល់នូវ «ការធានាយ៉ាងសំខាន់» សម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
កូរ៉េខាងជើង និងរុស្ស៊ីបានប្រារព្ធពិធីមួយក្នុងពេលដំណាលគ្នានៅក្នុងទីក្រុងព្រំដែនរៀងៗខ្លួន គឺទីក្រុងរ៉ាសុន និងទីក្រុងខាសាន កាលពីថ្ងៃពុធដើម្បីបើកការដ្ឋានសាងសង់ស្ពានតភ្ជាប់ប្រទេសទាំងពីរ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) ។
កាលពីខែមិថុនាឆ្នាំមុន កូរ៉េខាងជើង និងរុស្ស៊ីបានព្រមព្រៀងគ្នាសាងសង់ស្ពានផ្លូវឆ្លងកាត់ទន្លេ Tumen ជាមួយនឹងការបញ្ចប់នៅចុងឆ្នាំ២០២៦ ខណៈដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin)បានចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីជំរុញកិច្ចសហប្រតិបត្តិការ។
សារព័ត៌មាន KCNA បាននិយាយថា ការសាងសង់នេះផ្តល់នូវការធានាយ៉ាងសំខាន់សម្រាប់ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសម្រាប់សារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការធ្វើដំណើររបស់ប្រជាជន ទេសចរណ៍ និងការចរាចរទំនិញតាមមធ្យោបាយមួយចំនួន។
នាយករដ្ឋមន្ត្រីកូរ៉េខាងជើង លោក ផាក ថេសុង (Pak Thae-song)និងនាយករដ្ឋមន្ត្រីរុស្ស៊ី លោក មីឃែល មីស្ស៊ូសទីន (Mikhail Mishustin)បានចូលរួមក្នុងពិធីនោះ តាមរយៈវីដេអូតំណភ្ជាប់។
លោក ផាក បាននិយាយថា «ការសាងសង់ស្ពានតភ្ជាប់នេះនឹងរួមចំណែកក្នុងការដាក់គ្រឹះសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដែលដាក់ចេញនៅលើផ្លូវនៃការអភិវឌ្ឍគ្រប់ជ្រុងជ្រោយថ្មី»។
ស្ពានប្រវែង ៨៥០ម៉ែត្រនោះ ប្រសិនបើសាងសង់រួចរាល់ ត្រូវបានគេរំពឹងថានឹងសម្រួលដល់លំហូរទំនិញ និងអ្នកដំណើររវាងប្រទេសទាំងពីរខណៈដែលពួកគេបាននិងកំពុងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗរួមទាំងវិស័យយោធា និងសេដ្ឋកិច្ចផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





