រដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូងលាលែងពីតំណែងបន្ទាប់ពីសភារាយការណ៍អំពីការចោទប្រកាន់របស់លោក
AKP ភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក ឆយ សាងម៉ុក (Choi Sang-mok) បានលាលែងពីតំណែងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះមុនពេលដែលរដ្ឋសភាត្រូវបានកំណត់ដើម្បីបោះឆ្នោតទៅលើសំណើចោទប្រកាន់លោក។
លោក ឆយ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួងហិរញ្ញវត្ថុថា «ខ្ញុំសុំទោសប្រជាជនទាំងអស់ដែលខ្ញុំមិនអាចបន្តភារកិច្ចរបស់ខ្ញុំបាន ចំពេលដែលមានស្ថានភាពសេដ្ឋកិច្ចទាំងខាងក្នុង និងខាងក្រៅធ្ងន់ធ្ងរ»។
ប្រធានាធិបតីស្តីទីដែលផុតអាណត្តិ និងជានាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក ហាន់ ឌុកសូ (Han Duck-soo) ដែលត្រូវបានគេរំពឹងថានឹងឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីក្នុងខែមិថុនាខាងមុខនេះ បានទទួលយកការលាលែងពីតំណែងរបស់លោក ឆយ ភ្លាមៗ។
បន្ទាប់ពីការលាលែងពីតំណែងរបស់លោក ឆយ ប្រធានរដ្ឋសភាលោក វូ វ៉ុនស៊ីក (Woo Won-shik) បានបញ្ឈប់ដំណើរការនីតិវិធីទៅលើការបោះឆ្នោតចោទប្រកាន់នោះ ដោយលោកបាននិយាយថា រដ្ឋាភិបាលត្រូវបានជូនដំណឹងអំពីការបញ្ឈប់លោក ឆយ ។
មុនពេលការបោះឆ្នោតចាប់ផ្តើម សមាជិកនៃគណបក្សអំណាចប្រជាជន (PPP) បានចាកចេញពីសាលប្រជុំសភា ដើម្បីតវ៉ាប្រឆាំងនឹងការចោទប្រកាន់ដែលដាក់ចេញដោយគណបក្សប្រជាធិបតេយ្យកូរ៉េ(DPK)៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





