ថៃជំរុញឱ្យមានកិច្ចសហការក្នុងតំបន់ដើម្បីធានាសន្តិសុខសេដ្ឋកិច្ច
AKP ភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ -- បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថៃកាលពីថ្ងៃទី២៩ ខែមេសា នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថុងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បានណែនាំដល់ក្រសួងសំខាន់ៗមួយចំនួនឱ្យបង្កើនសន្តិសុខសេដ្ឋកិច្ចក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាពិសេសអាស៊ាន ដើម្បីឆ្លើយតបទៅនឹងភាពមិនច្បាស់លាស់ជុំវិញគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក។
នាយករដ្ឋមន្ត្រីថៃបាននិយាយថា បណ្តាមេដឹកនាំមកពីប្រទេសជាសមាជិកអាស៊ានមួយចំនួន ដែលរួមម៉ាឡេស៊ី និងកម្ពុជា បានពិភាក្សាគ្នាអំពីបញ្ហានេះ ហើយបានឯកភាពគ្នាថា រដ្ឋជាសមាជិកគួរតែធ្វើការងាររួមគ្នាដោយប្រើប្រាស់កម្លាំងផ្ទាល់ខ្លួន ដូចជាធនធានធម្មជាតិ ការតភ្ជាប់បណ្តាញដឹកជញ្ជូន និងសក្តានុពលធនធានមនុស្ស ដើម្បីស្វែងរកលទ្ធផលរួមដែលល្អបំផុត។
លោកស្រីបានណែនាំដល់ក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម និងក្រសួងហិរញ្ញវត្ថុ រួមជាមួយនឹងក្រុមការងារគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ដើម្បីប្រមូលផ្តុំការយល់ដឹងពីគ្រប់វិស័យ និងបង្កើតវិធានការដែលឆ្លុះបញ្ចាំងពីកម្លាំងរួមរបស់អាស៊ាន។
ទន្ទឹមនឹងនេះដែរ រដ្ឋលេខាធិការអចិន្ត្រៃយ៍ក្រសួងហិរញ្ញវត្ថុ លោក ឡាវ៉ារ៉ុន សាងស្និទ (Lavaron Sangsnit) បានទទួលស្គាល់ថា ការសម្រេចបាននូវគោលដៅកំណើនផលិតផលក្នុងស្រុកសរុប (GDP) ចំនួន ៣% របស់ប្រទេសថៃសម្រាប់ឆ្នាំ២០២៥ អាចជាបញ្ហាប្រឈមដោយសារតែផលប៉ះពាល់នៃពន្ធគយរបស់សហរដ្ឋអាមេរិក។ លោកបានកត់សម្គាល់ថា ភាពតានតឹងផ្នែកសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិក និងចិន ត្រូវបានគេរំពឹងថានឹងមានផលប៉ះពាល់ជាសកល និងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសថៃ។
លោក ឡាវ៉ារ៉ុន ក៏បានចង្អុលបង្ហាញផងដែរថា ខណៈដែលឱនភាពពាណិជ្ជកម្មគឺជាកង្វល់ចម្បងក្នុងកិច្ចពិភាក្សាពន្ធ សហរដ្ឋអាមេរិកពិចារណាទៅលើកត្តាបន្ថែម ដូចជាគោលនយោបាយការបរទេស និងសន្តិសុខជាតិជាដើម។ ដូច្នេះហើយ លោកបានតស៊ូមតិនូវវិធីសាស្ត្រពហុក្រសួងក្នុងកិច្ចចរចា ដោយមានរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជាអ្នកដឹកនាំកិច្ចខិតខំប្រឹងប្រែងនោះ។
ទាក់ទងនឹងគោលនយោបាយរូបិយវត្ថុ លោក ឡាវ៉ារ៉ុន បានបង្ហាញថាគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលថៃ បានទទួលទិន្នន័យថ្មីដើម្បីណែនាំដល់ការសម្រេចទៅលើអត្រាការប្រាក់ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលសេដ្ឋកិច្ច។ គណៈកម្មាធិការនេះត្រូវបានគេរំពឹងថានឹងបញ្ចុះអត្រាការប្រាក់ដើម្បីគាំទ្រដល់ស្ថិរភាពសេដ្ឋកិច្ច៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





