ថៃ និងកូរ៉េខាងត្បូង ជំរុញទំនាក់ទំនងពាណិជ្ជកម្មក្នុងវេទិកាធុរកិច្ច
AKP ភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ -- អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ស៊ូឆាត ចុមគ្លីន (Suchart Chomklin) បានថ្លែងសុន្ទរកថានៅក្នុងវេទិកាធុរកិច្ច IGNITE ថៃ-កូរ៉េខាងត្បូង នៅទីក្រុងសេអ៊ូល ដោយបានលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែរឹងមាំរវាងប្រទេសថៃ និងកូរ៉េខាងត្បូង។
ព្រឹត្តិការណ៍នេះប្រារព្ធឡើងនៅសណ្ឋាគារ Lotte Hotel Seoul ដែលត្រូវបានរៀបចំឡើងដោយស្ថានទូតថៃប្រចាំទីក្រុងសេអ៊ូល អាជ្ញាធរឧស្សាហកម្មនៃប្រទេសថៃ និងក្រុមហ៊ុន Herald Media Group ដើម្បីលើកកម្ពស់ការវិនិយោគនៅក្នុងឧស្សាហកម្មជំនាន់ក្រោយ។
នៅក្នុងសុន្ទរកថានោះ លោក ស៊ូឆាត បានអញ្ជើញវិនិយោគិនកូរ៉េខាងត្បូងឱ្យស្វែងរកឱកាសវិនិយោគនៅក្នុងវិស័យបៃតង និងឌីជីថលដែលកំពុងមានការរីកចម្រើនរបស់ប្រទេសថៃ ដែលរួមមានទាំងរថយន្តអគ្គិសនីថាមពលស្អាត ជីវបច្ចេកវិទ្យា អេឡិចត្រូនិកទំនើប បច្ចេកវិទ្យាឌីជីថល និងឧស្សាហកម្មការពារជាតិ។ លោកបានបញ្ជាក់ថា ទីតាំងយុទ្ធសាស្ត្រ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសថៃ ដូចជាច្រករបៀងសេដ្ឋកិច្ចភាគខាងកើត និងគម្រោង Land Bridge បានគាំទ្រចំពោះតួនាទីរបស់ប្រទេសនេះក្នុងនាមជាមជ្ឈមណ្ឌលវិនិយោគក្នុងតំបន់។
បច្ចុប្បន្ន ប្រទេសថៃមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាធរមានចំនួន១៧ ជាមួយប្រទេសចំនួន២៤ ហើយកំពុងបន្តកិច្ចចរចាសម្រាប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចថៃ-កូរ៉េខាងត្បូង ដែលរំពឹងថានឹងបញ្ចប់នៅក្នុងឆ្នាំនេះ។ កិច្ចព្រមព្រៀងនេះត្រូវបានព្យាករថានឹងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរយៈពេលវែងរវាងប្រទេសទាំងពីរ។
លោក ស៊ូឆាត ក៏បានចូលរួមក្នុងការបើកដំណើរការគម្រោងទូទាត់QR Code ឆ្លងព្រំដែនរវាងប្រទេសថៃ និងកូរ៉េខាងត្បូង ដែលត្រូវបានរចនាឡើងដើម្បីសម្រួលដល់ប្រតិបត្តិការឌីជីថល និងគាំទ្រដល់ការផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចគ្មានសាច់ប្រាក់នៅក្នុងប្រទេសទាំងពីរផងដែរ។
ពាណិជ្ជកម្មទ្វេភាគីរវាងថៃ និងកូរ៉េខាងត្បូងមានតម្លៃ ១៤,៧៤ពាន់លានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ២០២៤ ដោយប្រទេសថៃបាននាំចេញទំនិញមានតម្លៃ ៦,០៧ពាន់លានដុល្លារអាម៉េរិក និងនាំចូល ៨,៦៧ពាន់លានដុល្លារអាម៉េរិក។ ការវិនិយោគរបស់កូរ៉េខាងត្បូងនៅក្នុងប្រទេសថៃក៏នៅមានស្ថិរភាពផងដែរ ដោយមានពាក្យស្នើសុំជំរុញការវិនិយោគចំនួន៣៨នៅក្នុងឆ្នាំនោះ ដែលមានតម្លៃសរុបជាង ៤ពាន់លានដុល្លារអាម៉េរិក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





