មន្ត្រីអាស៊ានពិភាក្សាគ្នាអំពីចក្ខុវិស័យសហគមន៍ឆ្នាំ២០៤៥ សមាជិកភាពរបស់ទីម័រឡេស្តេ និងតំបន់គ្មាននុយក្លេអ៊ែរ
AKP ភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ -- ប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM) និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី២៩ ខែមេសា។ នេះបើយោងតាមក្រសួងការបរទេសម៉ាឡេស៊ី។
កិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ចំនួនបីត្រូវបានកោះប្រជុំ ដែលរួមមានកិច្ចប្រជុំ ASEAN SOM កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិតំបន់គ្មានអាវុធនុយក្លេអ៊ែរអាស៊ីអាគ្នេយ៍ (SEANWFZ ExCom) និងកិច្ចប្រជុំក្រុមការងារក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី១៨ ស្តីពីការស្នើសុំចូលជាសមាជិកភាពអាស៊ានរបស់ទីម័រឡេស្តេ (ACCWG-TL)។
កិច្ចប្រជុំទាំងនោះត្រូវបានដឹកនាំដោយអគ្គលេខាធិការនៃក្រសួងការបរទេសម៉ាឡេស៊ី លោក អាំរ៉ាន់ ម៉ូហាម៉េដ ហ្ស៊ីន (Amran Mohamed Zin) ក្នុងតួនាទីជាប្រធាន SOM នៃប្រទេសម៉ាឡេស៊ី។
ក្នុងនាមជាប្លុកក្នុងតំបន់ដែលរក្សាកិច្ចសហប្រតិបត្តិការសម្រាប់ផលប្រយោជន៍រួម កិច្ចពិភាក្សាទាំងអស់នៅក្នុងកិច្ចប្រជុំ ASEAN SOM ត្រូវបានផ្តោតសំខាន់ទៅលើការធានានូវវិធីសាស្រ្តគ្រប់ជ្រុងជ្រោយ និងឆ្ពោះទៅមុខសម្រាប់តំបន់អាស៊ានដែលកាន់តែមានភាពរីកចម្រើន សន្តិភាពនិងសន្តិសុខ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងនោះ បានឱ្យដឹងថាកិច្ចប្រជុំ SOM បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការពង្រឹងការកសាងសហគមន៍អាស៊ាន រួមទាំងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលគ្រោងនឹងអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦នៅថ្ងៃទី២៦ ខែឧសភា ខាងមុខនេះ។
ក្នុងន័យនេះ SOM បានអបអរសាទរ និងថ្លែងអំណរគុណចំពោះក្រុមការងារជាន់ខ្ពស់ ដែលកំពុងបំពេញភារកិច្ចអភិវឌ្ឍន៍ និងបញ្ចប់ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ក៏ដូចជាការគាំទ្រចំពោះផែនការយុទ្ធសាស្ត្រលើវិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ច សង្គម-វប្បធម៌ និងការតភ្ជាប់។
កិច្ចប្រជុំនោះក៏បានពិភាក្សាអំពីវឌ្ឍនភាពក្នុងការអនុវត្តផែនទីបង្ហាញផ្លូវសម្រាប់ការចូលជាសមាជិកភាពអាស៊ានពេញលេញរបស់ទីម័រឡេស្តេ និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) និងទំនាក់ទំនងខាងក្រៅរបស់ប្លុកផងដែរ។
កិច្ចប្រជុំ SEANWFZ ExCom បានផ្តោតសំខាន់ទៅលើកិច្ចខិតខំប្រឹងប្រែងបន្តរបស់អាស៊ានក្នុងការជំរុញការរំសាយអាវុធជាសកល និងការមិនរីកសាយភាយ ដែលរួមមានទាំងគោលដៅយូរអង្វែងនៃការធានាចំពោះការចូលជាសមាជិកនៃរដ្ឋអាវុធនុយក្លេអ៊ែរទៅក្នុងពិធីសារ SEANWFZ ដើម្បីពង្រឹងទាំងគោលជំហរផ្លូវច្បាប់នៃសន្ធិសញ្ញា និងភាពជាអ្នកដឹកនាំរបស់អាស៊ានក្នុងការលើកកម្ពស់តំបន់គ្មានអាវុធនុយក្លេអ៊ែរ។
កិច្ចប្រជុំ ACCWG-TL បានផ្តោតសំខាន់ទៅលើកិច្ចខិតខំប្រឹងប្រែងបន្តរបស់អាស៊ាន ដើម្បីជំរុញកាចូលជាសមាជិកភាពពេញលេញរបស់ទីម័រឡេស្តេនៅក្នុងតំបន់អាស៊ាន។
កិច្ចពិភាក្សាបានពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពក្នុងការអនុវត្តផែនទីបង្ហាញផ្លូវសម្រាប់ការចូលជាសមាជិកភាពរបស់ទីម័រឡេស្តេ ពង្រឹងគំនិតផ្តួចផ្តើមនៃការកសាងសមត្ថភាពសម្រាប់មន្ត្រីទីម័រឡេស្តេ និងការបង្កើតអង្គភាពទីម័រឡេស្តេនៅក្នុងលេខាធិការដ្ឋានអាស៊ាន។
ក្រសួងការបរទេសម៉ាឡេស៊ីបាននិយាយថា ម៉ាឡេស៊ីនៅតែប្តេជ្ញាធ្វើការងារយ៉ាងជិតស្និទ្ធជាមួយបណ្តារដ្ឋសមាជិកអាស៊ាន និងទីម័រឡេស្តេដើម្បីជំរុញដំណើរការចូលជាសមាជិកបន្ថែមទៀត ក្នុងការជំរុញឱ្យមានការឯកភាព និងសមាហរណកម្មក្នុងតំបន់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





