សមាជិកគណៈកម្មាធិការសវនកម្ម និងត្រួតពិនិត្យរដ្ឋបាលនៃរដ្ឋសភាជប៉ុន សាទរចំពោះសមិទ្ធផលនានាដែលសម្រេចបានពីកិច្ចសហប្រតិបត្តិការល្អរវាងជប៉ុន និងកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥
ឯកឧត្តម Nishimura Yasutoshi បានសម្តែងនូវការសាទរចំពោះសមិទ្ធផលនានាដែលសម្រេចបានពីកិច្ចសហប្រតិបត្តិការល្អរវាងជប៉ុន និងកម្ពុជា ជាពិសេស កិច្ចសហប្រតិបត្តិការលើការដោះមីន ការគាំទ្រយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងការចូលចតរបស់នាវាកងកម្លាំងស្វ័យការពារជប៉ុននៅមូលដ្ឋានសមុទ្ររាម នាពេលថ្មីៗកន្លងទៅនេះ។ នេះបើយោងតាមការឱ្យដឹងរបស់ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Nishimura Yasutoshi សមាជិកគណៈកម្មាធិការសវនកម្ម និងត្រួតពិនិត្យរដ្ឋបាលនៃរដ្ឋសភា និងជាអតីតរដ្ឋមន្រ្តីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសជប៉ុន ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។

ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម Nishimura Yasutoshi នៅកម្ពុជានាពេលនេះនិងបានរម្លឹកនាពេលកន្លងទៅ ដែលសម្តេចតេជោ បានជួប ឯកឧត្តម Nishimura Yasutoshi នៅក្នុងជំនួបរវាងសម្តេច និងឯកឧត្តម Shinzo Abe កាលពី៧ឆ្នាំមុន។ សម្តេចតេជោ បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងជប៉ុន ជាពិសេសតាម រយៈទស្សនកិច្ចរបស់ឯកឧត្តម Nishimura Yasutoshi នៅកម្ពុជានាពេលនេះផងដែរ។ ឯកឧត្តម Nishimura Yasutoshi បានសម្តែងនូវអំណរអរគុណ និងការគោរពចំពោះ សម្តេចតេជោ ដែលបានផ្តល់ពេលវេលាដ៏មានតម្លៃរបស់សម្តេចសម្រាប់ជំនួបនាពេលនេះ។ ឯកឧត្តម Nishimura Yasutoshi បានរម្លឹកអំពីប្រសាសន៍និងការគោរពរបស់ ឯកឧត្តម Shinzo Abe ចំពោះសម្តេចតេជោ នាពេលកន្លងមក។
ឯកឧត្តម Nishimura Yasutoshi បានប្តេជ្ញាបន្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងល្អរវាងជប៉ុន និងកម្ពុជា តាមរយៈសក្តានុពលនៃការវិនិយោគជប៉ុននៅកម្ពុជា តួយ៉ាងដូចជា រោងចក្រដំឡើងរថយន្តតូយ៉ូតានៅកម្ពុជា ដែលបានសម្ពោធដាក់ឱ្យដំណើរការដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នាពេលថ្មីៗនេះ។ តាមរយៈដំណើរទស្សនកិច្ចជាបន្តបន្ទាប់នៅកម្ពុជា ឯកឧត្តម និងក្រុមគ្រួសារ បានចាត់ទុកប្រទេសកម្ពុជាជាប្រទេសទីពីររបស់ខ្លួនផងដែរ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីរីករាយដែលឯកឧត្តម Nishimura Yasutoshi និងក្រុមគ្រួសារ ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រទេសកម្ពុជា ជាពិសេសសក្តានុពលសម្បូរបែបរបស់កម្ពុជា និងសក្ខីកម្មនៃការរីកចម្រើនរបស់កម្ពុជា ដែលទាំងនេះជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរក្សាបាននូវសុខសន្តិភាព។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា សម្តេច បានផ្តល់តម្លៃខ្ពស់បំផុតដល់សន្តិភាព ដែលសម្តេច បានខិតខំប្រឹងប្រែងពុះពារជម្នះរាល់ឧបសគ្គដោយឥតរាថយ កសាងនិងរក្សាបាននូវសុខសន្តិភាពដែលមានរយៈពេលយូរជាងគេ នៅក្នុងអំឡុងពេល៥០០ឆ្នាំនៃប្រវត្តិសាស្រ្តកម្ពុជាចុងក្រោយនេះ។ សម្តេចតេជោមានប្រសាសន៍ថា សង្រ្គាមងាយឆេះ តែពន្លត់ទៅវិញគឺពិបាកជាទីបំផុត។

សម្តេចតេជោ ប្រធានព្រឹទ្ធសភាបានថ្លែងអរគុណមិត្តជប៉ុនដែលបានចូលរួមកសាងសន្តិភាពនៅកម្ពុជា ចាត់តាំងពីមុនកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយកិច្ចសហប្រតិបត្តិការប្រទេសយើងទាំងពីរបានបន្តរីកចម្រើនជាបន្តបន្ទាប់នៅលើវិស័យជាច្រើន រួមមាន នយោបាយ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ...។ល។
សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មិត្តជប៉ុន តាំងពីជំនាន់ ឯកឧត្តម Shinzo Abe រហូតមកដល់បច្ចុប្បន្ន ដែលជប៉ុន បានជួយកសាង និងអភិវឌ្ឍន៍ជាបន្តបន្ទាប់ កំពង់ផែស្វយ័តក្រុងព្រះសីហនុសំដៅជំរុញភាពប្រកួតប្រជែងរបស់កម្ពុជាលើតម្លៃនៃការដឹកជញ្ជូន, និងការតភ្ជាប់បណ្តាញផ្លូវថ្នល់ ព្រមទាំងស្ពាន រួមមាន ស្ពានមិត្តភាពកម្ពុជា-ជប៉ុនត្សឹបាសា, ស្ពានគីហ្សូណា...។ សម្តេចតេជោ បានសម្តែងនូវអបអរសាទរដែលសមិទ្ធផលនានាកម្ពុជាសម្រេចបាន ដូចជាកំពង់ផែរាម បាននិងកំពុងដើរតួនាទីជាច្រកការទូតដ៏សំខាន់របស់កម្ពុជា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធា និងបេសកកម្មមនុស្សធម៌ សុខាភិបាល និងកីឡាជាដើម។ សម្តេចតេជោបានបន្តចែករំលែកនូវទស្សននានាពាក់ព័ន្ធនឹងស្ថានការណ៍ចំពោះមុខនៃសង្រ្គាមពាណិជ្ជកម្មដែលកំពុងរីករាលដាលជាសាកល និងដែលបានជំរុញការផ្លាស់ប្តូរនូវខ្សែច្រវាក់ផលិតកម្មនៅក្នុងពិភពលោកផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម Nishimura Yasutoshi បានទទួលស្តាប់ដោយចាប់អារម្មណ៍បំផុត និងសម្តែងនូវក្តីរីករាយដោយទទួលបានការរៀនសូត្រពី សម្តេចតេជោ នាពេលនេះ ជាពិសេស ឯកឧត្តម បានយល់យ៉ាងច្បាស់អំពីទឹកចិត្តសម្តេច ក្នុងការថែរក្សាសុខសន្តិភាពជូនប្រជាជនកម្ពុជា។ ឯកឧត្តម Nishimura Yasutoshi បានថ្លែងថា ឯកឧត្តម ក្នុងនាមប្រទេសជប៉ុន នឹងខិតខំជំរុញបន្ថែមទៀត កិច្ចសហប្រតិបត្តិការប្រទេសយើងទាំងពីរ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹង។ ឯកឧត្តម Nishimura Yasutoshi មានជំនឿយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការទាំងនេះ នឹងចូលរួមចំណែកក្នុងការបើកច្រករបៀងសេដ្ឋកិច្ចថ្មីៗបន្ថែមទៀតជូនកម្ពុជា។
ឯកឧត្តម បានសម្តែងនូវការយល់ស្របនឹងទស្សនសម្តេចតេជោ ពាក់ព័ន្ធនឹងស្ថានភាពនៃសង្រ្គាមពាណិជ្ជកម្មនាពេលបច្ចុប្បន្ន និងជឿជាក់ថាតាមរយៈការបន្តកិច្ចពិភាក្សា យើងនឹងអាចស្តារស្ថានភាពឱ្យបានល្អប្រសើរឡើងវិញ៕
ដោយ៖ ជឹម ណារី




