ទុយនីស៊ីបង្រ្កាបបណ្តាញជួញដូរគ្រឿងញៀន និងចាប់ខ្លួនមនុស្ស ៦នាក់
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ -- អគ្គនាយកដ្ឋានសន្តិសុខជាតិបាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងសន្តិសុខទុយនីស៊ីបានរុះរើបណ្តាញជួញដូរគ្រឿងញៀនដែលសកម្មនៅក្នុងតំបន់ឆ្នេរភាគខាងកើតនៃខេត្តម៉ូណាស្ទឺ ដោយបានចាប់ខ្លួនមនុស្សចំនួន ៦នាក់។
ជនសង្ស័យត្រូវបានចាប់ខ្លួននៅតំបន់ Ksar Hellal ពីបទជាប់ពាក់ព័ន្ធការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។ នេះបើយោងតាមការបង្ហោះលើហ្វេសប៊ុក។ ក្នុងប្រតិបត្តិការនេះ រកឃើញថ្នាំញៀនប្រភេទកូកាអ៊ីនចំនួន១១កញ្ចប់ និងថ្នាំគ្រាប់មួយចំនួនទៀតនៅក្នុងឃ្លាំងមួយ។
សេចក្តីថ្លែងការណ៍មិនបានបញ្ជាក់ពីពេលវេលាជាក់លាក់នៃប្រតិបត្តិការ ឬបង្ហាញពីអត្តសញ្ញាណជនសង្ស័យឡើយ។
រដ្ឋាភិបាលទុយនីស៊ីបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការជួញដូរគ្រឿងញៀន ដោយចាប់ខ្លួនជនសង្ស័យរាប់រយនាក់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មទាក់ទងនឹងគ្រឿងញៀន ក្នុងអំឡុងពេលប្រតិបត្តិការទូទាំងប្រទេសនាពេលថ្មីៗនេះ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





