កុងហ្គោបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយចិន
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ -- ឧបនាយករដ្ឋមន្ត្រីរបស់ប្រទេសកុងហ្គោ បាននិយាយថា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ(DRC) នឹងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយប្រទេសចិនក្នុងវិស័យផ្សេងៗ។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសន្តិសុខ លោក ចាកកេមេន សាបានី (Jacquemain Shabani) បានធ្វើការកត់សម្គាល់នៅពេលចូលរួមក្នុងពិធីសម្ពោធអគារថ្មីនៃស្ថានទូតចិននៅទីក្រុងគីនសាសារដ្ឋធានីរបស់ប្រទេស។
លោក សាបានី បាននិយាយថា ប្រទេសកុងហ្គោ និងប្រទេសចិននឹងយកការសម្ពោធអគារស្ថានទូតថ្មីនេះជាឱកាសមួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យផ្សេងៗ និងលើកកម្ពស់កម្មវិធីសង្គមនិងការកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជន។
ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកុងហ្គោ លោក ហ្សៅ ប៊ីន (Zhao Bin)បានមានប្រសាសន៍ថា ទំនាក់ទំនងមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រជាជនទាំងពីរ គឺជាកម្លាំងចលករដ៏សំខាន់ដែលនៅពីក្រោយការអភិវឌ្ឍជាបន្តបន្ទាប់នៃទំនាក់ទំនងទ្វេភាគី ដោយលោកបានបន្ថែមថា ប្រទេសចិននឹងបន្តធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ «Chinese Film Week» និងព្រឹត្តិការណ៍វប្បធម៌ផ្សេងទៀត ហើយអញ្ជើញភាគីកុងហ្គោមកទស្សនាស្ថានទូតថ្មីដើម្បីបង្កើនការយល់ដឹងរបស់ពួកគេអំពីប្រទេសចិន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





