សេចក្តីព្រាងផែនការជាតិរួមចំណែកការឆ្លើយតបការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣ (NDC3.0) ត្រូវបានដាក់ឱ្យពិគ្រោះយោបល់ជាមួយគ្រប់ភាគីពាក់ព័ន្ធនៅថ្នាក់ជាតិ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥--
អគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន បានសហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាងឯកសារផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC 3.0) ។
សិក្ខាសាលានាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សាន វណ្ណទី រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន និងលោកស្រី Alisa Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅកម្ពុជា និងដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងបរិស្ថាន សមាជិកក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ ដៃគូអភិវឌ្ឍន៍ ជនមានពិការភាព តំណាងគ្រឹះស្ថានសិក្សា និងវិស័យឯកជន ចំនួន២៨០រូប។


លោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាតិប្រចាំនៅកម្ពុជា បានលើកឡើងពីកិច្ចប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ ដែលបានសហការ និងធ្វើការដ៏ល្អជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN Agencies) ក្នុងការរៀបចំនូវធាតុចូល NDC 3.0 ឱ្យកើតជារូបរាងឡើង និងត្រូវដាក់ជូនលេខាធិការដ្ឋាន UNFCCC ដែលនេះបង្ហាញពីឆន្ទៈ និងការចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការដោះស្រាយ និងឆ្លើយតបការប្រែប្រួលអាកាសធាតុដែលកំពុងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គមនៅលើពិភពលោកទាំងមូល។


ថ្លែងក្នុងកម្មវិធីបើក ឯកឧត្តម សាន វណ្ណទី រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថានបានលើកឡើងថា ក្រសួងបរិស្ថានក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងសម្របសម្រួលដឹកនាំរៀបចំឯកសារ NDC 3.0 ដោយមានការអញ្ជើញចូលរួមយ៉ាងផុសផុលពីគ្រប់ក្រសួង-ស្ថាប័នជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីកំណត់នូវវិធានការសកម្មភាពតាមវិស័យប្រកបដោយមហិច្ឆតាស្របតាមគោលនយោបាយរបស់រាជដ្ឋាភិបាល និងស្មារតីនៃកិច្ចព្រមព្រៀងទៅក្រុងបារីសស្តីពីការប្រែប្រួលអាកាសធាតុ។
ផែនការរបស់ជាតិនេះនឹងកំណត់ពីការចូលរួមកាត់បន្ថយការបញ្ជេញឧស្ម័នផ្ទះកញ្ជក់ (GHG) ការបង្កើនសមត្ថភាពបន្ស៊ាំតាមវិស័យ ដែលត្រូវបានកំណត់ និងអនុវត្តដោយក្រសួង ស្ថាប័ន ដើម្បីសម្រេចឱ្យបាននៅអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០៕


ដោយ៖ ប៊ុនរិទ្ធ





