ក្រសួងអភិវឌ្ឍន៍ជនបទបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានជូនមន្ត្រីរាជការ
AKPភ្នំពេញ ថ្ងៃទី 29 ខែមេសាឆ្នាំ 2025--
ក្រសួងអភិវឌ្ឍន៍ជនបទ បើកវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានចាំបាច់” ជូនមន្ត្រីរាជការ នៃក្រេសួងអភិវឌ្ឍន៍ជនបទ ដែលរៀបចំឡើងដោយគណៈកម្មការបរិវត្តកម្មឌីជីថលក្រសួងអភិវឌ្ឍន៍ជនបទ ។
កិច្ចប្រជុំនាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាអនុប្រធានគណៈកម្មការ ព្រមទាំងមន្ត្រីរាជការជាសិក្ខាកាម សរុប ចំនួន ៨៩រូប។

ក្នុងកិច្ចប្រជុំ ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាន បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការបរិវត្តកម្មឌីជីថល ដែលសម្រេចបានកន្លងមកជូន ឯកឧត្តម លោកជំទាវ និងសិក្ខាកាម នៃវគ្គបណ្តុះបណ្តាលទាំងមូលបានជ្រាប។


ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ សូមយកចិត្តទុកដាក់ស្តាប់ និងក្រេបយកនូវចំណេះដឹងថ្មីៗ ពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាឌីជីថល ពីព្រោះថាចំណេះដឹង និងជំនាញដែលសិក្ខាកាមនឹងទទួលបាននាពេលបន្តិចទៀតនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការជួយជម្រុញបេសកកម្មរបស់យើងទាំងអស់គ្នា ដើម្បីចូលរួមចំណែកជួយសហគមន៍ជនបទកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។ លើសពីនេះ វឌ្ឍនភាពចុងក្រោយនៃ AI បានក្លាយជាផ្នែកមួយដ៏សំខាន់នៃការរស់នៅ, ការរៀនសូត្រ, ការប្រកបអាជីវកម្ម និងការផ្តល់សេវាសាធារណៈ ក្នុងយុគ្គសម័យបច្ចុប្បន្ន ដែលមិនអាចខ្វះបាន ជាពិសេស បច្ចេកវិទ្យាឌីជីថល បាននឹងកំពុងដើរតួនាទីជាគន្លឹះ ក្នុងការជួយកាត់បន្ថយភាពស្មុគស្មាញ និងការិយាធិបតេយ្យ៕



ដោយ,ពេជ្រសំអឿន(ប្រភព,ក្រសួងអភិវឌ្ឍន៍ជនបទ)





